ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឆ្មក់បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់មុខសញ្ញាសង្ស័យ២នាក់រួមទាំងវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរថ្នាំញៀននិងជក់ថ្នាំញៀន២នាក់ ត្រូវបានសមត្ថកិចឆ្មក់បង្ក្រាបបានរួមទាំងដកហូតបានថ្នាំញៀនមួយចំនួនខណៈក្រ្មជនសង្ស័យកំពុងធ្វើសកម្មភាពនៅផ្ទះមួយកន្លែង។

ការឆ្មក់បង្ក្រាបនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចុះល្បាត ក្នុងមូលដ្ឋានដើម្បីបង្ការការពាទប់ស្កាត់បទល្មើសផ្សេងៗមិនឲ្យកើតមាន ។ ក្រុមជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគហរឿងញៀនចាត់ការបន្ត។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីរសៀល ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅចំនុចភូមិថ្មស ឃុំស្នំក្រពើ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឈ្មោះ ប៉ិច ណែម ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅទីតាំងកើតហេតុ និងឈ្មោះ ឡុច លីហាក់ ភេទប្រុស ២១ឆ្នាំ រស់នៅភូមិអណ្តូងច្រុះ ឃុំស្នំ ក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប្រភពពូនគរបាកស្រុកគងពិសីបានឲ្យដឹងថា ក្រោយពីសមត្ថកិចចុះល្បាតក្នុងមូលដ្ឋានខាងលើ ក៏បានទទួលសេចក្តីរាយការណ៍មកថា មានជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចខាងលើ។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ភ្លាមក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការស្រុកកម្លាំងជំនាញក៏ចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។

ក្នុងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្ស៉ៅក្រាម ពណ៌ស ច្រើនកញ្ចប់ ជញ្ចីងថ្លឹង ទូរស័ព្ទ២ គ្រឿង។ នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពជួញដូរថ្នាំញៀនប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធី ៕ សេនាស័ក្តិ

 


ចែករំលែក៖