ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញរកឃើញឃ្លាំងលក់ម៉ាស៊ីនបូមទឹក២កន្លែងក្លែងបន្លំពាណិជ្ជសញ្ញា

ចែករំលែក៖

ខេត្តតាកែវ ៖ ដោយអនុវត្តតាមបទ បញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើស កម្មសិទ្ធិបញ្ញាសហការជាមួយកម្លាំងនគរ បាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋានបាន ចុះបង្ក្រាបទីតាំងលក់ម៉ាស៊ីន២កន្លែងក្លែងបន្លំពាណិជ្ជសញ្ញា។

តាមការឲ្យដឹងពីមន្ដ្រីនគរបាលដែល ចូលរួមប្រតិបត្តិការបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះស្ថិតក្រោម ការសម្រប សម្រួលនីតិវិធីពីលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តតាកែវ។ ប្រភព ដដែលបន្ថែមថា ការចុះបង្ក្រាបករណីនាំ ចូលស្តុកទុកនិងចែកចាយគ្រឿងម៉ាស៊ីនម៉ាក Hikawa ក្លែងបន្លំពាណិជ្ជសញ្ញានេះ ធ្វើឡើនៅលើទីតាំងចំនួន២កន្លែងផ្សេងគ្នា ក្នុងក្រុងដូនកែវរួមមាន ទីតាំងទី១ ហាង ប៉ាឡុង ម៉ាក់ឡុង ផ្ទះគ្មានលេខ ស្ថិតនៅ ភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ដែល មានតំណាងម្ចាស់ទីតាំងឈ្មោះ កូ វ៉ាន់ថន ភេទស្រី អាយុ៥០ឆ្នាំ។ ទីតាំងខាងលេីនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងម៉ាស៊ីនបូមទឹកខ្នាតតូចម៉ាក Hikawa ចំនួន២០គ្រឿង ។ ទីតាំងទី២ ឃ្លាំងគ្មានលេខ ផ្លូវលំភូមិ ថ្នល់ បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ។ ទីតាំង ចុងក្រោយនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងម៉ាស៊ីនបូមទឹកខ្នាតតូចម៉ាក Hikawa ចំនួន៧១គ្រឿង សរុប៩១គ្រឿង ។ ក្រោយ ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញបានប្រមូល វត្ថុតាងទាំងអស់យកមករក្សាទុកនៅទីតាំង ទី២ រួចបិទទុកក្នុងកេសនិងបាននាំម្ចាស់ ទីតាំងមកស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីសាកសួរនិងបន្តនីតិវិធី ៕ ភ្នំដា


ចែករំលែក៖