ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបទីតាំងជួញដូរនិងចែកចាយគ្រឿងញៀនក្នុងខណ្ឌ៧មករា ឃាត់ខ្លួនមនុស្ស៣នាក់រួមនឹងគ្រឿងញៀនជាច្រើនកញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿង នៃស្នងការនគរបាលរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង ដោយឃាត់បានជនសង្ស័យ៣នាក់ ប្រុសជនជាតិវៀតណាម២នាក់ និងស្រីជនជាតិចិនម្នាក់ ដកហូតថ្នាំញៀនម៉ាទឹកកកចំនួន៤២កញ្ចប់ ធំ២កញ្ចប់ ថ្នាំក្រវី២៥គ្រាប់ កញ្ចាក្រៀម១កញ្ចប់ ជញ្ជីងថ្លឹងចំនួន៣ និងឧបករណ៍វេចខ្ចប់គ្រឿងញៀនប្រើប្រាស់មួយចំនួនធំ ។

ប្រត្តិបត្តិការណ៍បង្ក្រាបនេះ នៅវេលាម៉ោង៦និង ២០នាទី ល្ងាចថ្ងៃ ព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ២០១៧ ស្ថិតផ្ទះលេខ២២១និង២២២ ផ្លូវ១៩៨ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយសមត្ថកិច្ចឆែកឆេររួចមក ជនសង្ស័យប្រុសស្រីទាំង៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបាន បញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖