ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រកាសស្វែងរកសាច់ញាតិបុរសម្នាក់ត្រូវរថយន្តបុកស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបោះពួយលឿនជ្រុលទៅបុក បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយ បានដាច់ខ្យល់ស្លាប់ ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ រីឯរថយន្តបង្ក បានបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ សម្បុរស កំពស់១,៧០ម៉ ពាក់អាវក្រណាត់ពណ៌ស ស្លៀកខោជើងវែង ពណ៌ស ។

តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរឆ្លងផ្លូវ ត្រង់ចំណុចខាងលើ ពីត្បូងទៅជើង មិនទាន់ផុតផង ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកល្បឿនលឿនពីកើតទៅលិច បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ឈាមហូរជោក ហើយមានរថយន្តគ្លីនិកឯកជនចំនួន២គ្រឿង បំណងដឹកយកទៅ តែដល់ឃើញជនរងគ្រោះ របួសធ្ងន់ពេក នាំគ្នាបើកឡានរត់គេចទៅបាត់អស់ អស់រយៈពេលជិតមួយម៉ោង ទើបពលរដ្ឋ ហៅរករថយន្តរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ ។

ជនរងគ្រោះ ទោះជាមានការសង្រ្គោះ បែបណាក្តី ជាអនិច្ចារ បានដាច់ខ្យល់ស្លាប់ ហើយត្រូវបាន សមត្ថកិច្ច ដឹកសាកសព មកតម្កល់ទុក នៅវត្តពោធិចិនតុង ដើម្បីធ្វើការពិនិត្យ កោសល្យវិច័យ ស្រាវជ្រាវ ប្រកាសស្វែងរកសាច់ញាតិ ។

សមត្ថកិច្ចធ្វើកាអំពាវនាវ ប្រកាស ផ្សព្វផ្សាយ ផងដែរ ដល់សាធារណជន បើមានបាត់សមាជិក បងប្អូន ក្រុមគ្រួសារ មានភិនភាគដូចខាងលើ មេត្តាមកសាកសួរ នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិសែនជ័យ ខណៈដែលសាកសពដំកល់ទុកនៅវត្តពោធិចិនតុង ដើម្បីរង់ចាំបងប្អូន ក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖