ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច២ក្រុង ស្រុក សហការគ្នាពួនស្ទាក់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈលួចម៉ូតូជិះគេចខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យលួចម៉ូតូម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុង ស្វាយរៀងសហការជាមួយសមត្ថកិច្ចស្រុករំដួលពួនស្ទាក់ និងឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពរួចហើយជិះគេចខ្លួនកាលពីថ្ងៃសៅរ៍ ០៤កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទីព្រឹក នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា បុរសសង្ស័យ ដែលឃាត់ខ្លួនមានឈ្មោះ ម៉ន វិទូ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ចំណែកម៉ូតូដែលលួចកាច់ករម៉ាកយ៉ាម៉ាហាស៊ីរួស ពណ៌ខៀវ អត់ស្លាកលេខដែលមានម្ចាស់កម្មសិទ្ធិរបស់ឈ្មោះ ប្រាក់ ក្រពុំ ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុខាងលើ។

ប្រភពបន្តថា បន្ទាប់ពីទទួលព័ត៌មានពីម្ចាស់ម៉ូតូថាមានជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់គាត់ក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ហើយបានជិះគេចខ្លួនភ្លាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង សហការជាមួយសមត្ថកិ្ចច្ចស្រុករំដួលបានរាយការណ៍តាមវិទ្យុទាក់ទងដាក់កម្លាំងពួនស្ទាក់រហូតឈានទៅរកការឃាត់ខ្លួនបានក្នុងទឹកដីស្រុករំដួល រួមនឹងវត្ថុតាងម៉ូតូ១គ្រឿង ផងដែរ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖