ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ២ខណ្ឌចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនមនុស្ស ៣នាក់ ដកហូតថ្នាំញៀន ១កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានសហការជាមួយនិងនគរបាលខណ្ឌ៧មករា ចុះធ្វើការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន មួយកន្លែងនៅផ្ទះសំណាក់ យឺហោ (ចិនតុង ២) ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន ៣នាក់ ដកហូតបានថ្នាំញៀន ១កញ្ចប់ធំ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះសំណាក់ យឺហោ (ចិនតុង ២) ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង ៣នាក់ ទី១-ឈ្មោះ ទូច វិចិត្រ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ ស្នាក់នៅម្ដុំផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ទី២-ឈ្មោះ ខា ស្រីនាង ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី៣-ឈ្មោះ ឡាយ សម្បត្តិ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្ដុំចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ។

សមត្ថកិច្ចបានបន្តថា កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការជិះល្បាត ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ ដោយមានការសង្ស័យសមត្ថកិច្ចយើងបានឃាត់ខ្លួន និងបានឆែកឆេររកឃើញថ្នាំញៀនមួយចំនួន ហើយកម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើ ទៅធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើរួចមក កម្លាំងសមត្ថកិច្ចយើងបានបើកប្រតិបត្តិការ ដោយសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា បានធ្វើការចុះទៅបង្ក្រាបជនសង្ស័យប្រុសស្រី ២នាក់ នៅក្នុងផ្ទះសំណាក់ យឺហោ (ចិនតុង ២) ដែលស្ថិតនៅផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបាដកហូតថ្នាំញៀន មួយកញ្ចប់ធំ, ជញ្ជីងថ្លឹងថ្នាំញៀនចំនួនមួយ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ក្រោយមក កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕ ស រស្មី


ចែករំលែក៖