ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថិច្ចបញ្ជូនខ្លួនស្រ្ដីម្នាក់ ទៅតុលាការបន្ទាប់ពីកាប់ប្ដីជាមន្ត្រីយោធាម្នាក់ស្លាប់ក្នុងថ្នុកឈាម

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ត្រីយោធាម្នាក់ត្រូវប្រពន្ធកាប់នឹងកាំបិតប៉័ងតោស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីកើតទំនាស់គ្នារហូតកើតជាអំពើហិង្សា ផ្ដើមចេញពីប្រពន្ធសុំលែងលះ តែប្ដីមិនព្រម ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆេង អាយុ២៤ឆ្នាំ មុខរបរជាមន្រ្ដីយោធា នៅវរៈសេនាតូចបញ្ជូនសារកងពលលធំអន្ដរគមន៍លេខ២ ចំណែក ប្រពន្ធជាជនសង្ស័យ ឈ្មោះ បេង សុខលាប អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរត់គិចខ្លួនបានប៉ុន្មានម៉ោងក្រោយមក ។

មូលហេតុប្រពន្ធសុំលែង តែប្ដីមិនព្រម ពេលដែលប្រពន្ធចាកចេញ ប្ដីថា បើចង់ចាកចេញ ត្រូវទុកស្លាកស្នាមសិន បន្ទាប់មក ក៏កើតអំពើហិង្សា រហូតប្រពន្ធកាប់នឹងកាំបិតប៉័ងតោចំភ្លៅ រងរបួសធ្ងន់ ដោយហូរឈាមខ្លាំងពេក ក៏ដាច់ខ្យល់ស្លាប់ ខណៈកំពុងបញ្ជូនទៅមន្ទីរពេទ្យ ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមចម្លើយរបស់ជនសង្ស័យថា ដោយសារតែម្ដាយខាងប្ដី មិនពេញចិត្តនឹងខ្លួន ទើបកើតទំនាស់លែងលះគ្នា ។ ក្រោយពីសមត្ថកិច្ច សួរនាំរួចបានកសាងសំណុំរឿងបញ្ជូនខ្លួនសង្ស័យទៅតុលាការ នៅរសៀលថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ២០១៩ ៕ ប៊ុនរិទ្ធី


ចែករំលែក៖