ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីរាប់បាត្រ ថ្វាយ និងប្រគេនទេយ្យទានចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្ត បានអញ្ជើញប្រារព្ធពិធីរាប់បាត្រ ថ្វាយ និងប្រគេនទេយ្យទានចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន

កិច្ចប្របកបដោយមង្គលថ្លៃថ្លានាឱកាសនេះ បានប្រព្រឹត្តទៅក្នុងឱកាសដែលសម្ដេចក្រឡាហោម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្ត ប្រារព្ធពិធីបុណ្យចំរើនព្រះជន្ម គោរពជូនលោកអ្នកមានគុណ រួមមាន ឧបាសិកា ផូ ភួង ឧបាសក ម៉ី គន់ ឧបាសិកា ញ៉ែម មឿន ឧបាសិកា ស ស៊ន់ ឧបាសិកា ស លន់ និងឧបាសក កឹម ភាង នៅគេហដ្ឋានសម្ដេច ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្ត បានអញ្ជើញរាប់បាត្រ និងប្រគេនទេយ្យទានតាមគន្លងបវេណីព្រះពុទ្ធសាសនា​រួចមក លោកអាចារ្យអធិបតី បានយាង និងនិមន្ត សម្ដេចព្រះសង្ឃ ព្រះមន្ត្រីសង្ឃ ប្រារព្ធកិច្ចសូត្រធម៌ដារមហាបង្សកូល​ ផ្សាយ​មេត្តាមហាកុសល ដើម្បីឧទ្ទិសជូនបុព្វការីជន និងចំរើនជ័យមង្គលជូនលោកអ្នកមានគុណ ជាកិច្ចបង្ហើយបុណ្យ៕

ដោយ៖ សហការី


ចែករំលែក៖