ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩របស់រដ្ឋបាលខេត្តព្រះសីហនុ។

ក្រោមអធិបតីភាពសម្ដេចឧបនាយករដ្ឋមន្រ្តី អភិបាលខេត្តព្រះសីហនុ បានថ្លែងរបាយការណ៍សង្ខេបជូនអង្គពិធីថាពេញមួយថ្ងៃទី២៨​ ខែកុម្ភៈ សន្និបាតបានដំណើរការដោយមានសមាសភាពចូលរួមមកពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ អង្គភាពកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សា និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ និងសង្គមស៊ីវិល សរុបជាង៣០០នាក់។

អង្គសន្និបាតនេះ បានផ្ដោតលើការពិនិត្យវឌ្ឍនភាព និងការប្រឈាម ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ការគ្រប់គ្រងសំណល់រឹងរាវ និងបរិស្ថានអនាម័យ ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការផ្ដល់សេវាកម្មទេសចរណ៍ ការគ្រប់គ្រងសំណង់ ការចុះបញ្ជីដីធ្លី ការងារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការកែលម្អសោភ័ណភាពខេត្ត​ ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គសន្និបាត ដោយបានសម្ដែងការកោតសរសើរ និងផ្ដល់ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការងារគ្រប់គ្រងរដ្ឋបាលខេត្ត ពិសេសការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឈានទៅសម្រេចឲ្យបាននូវជោគជ័យថ្មីៗទៀតសម្រាប់ឆ្នាំ២០១៩របស់ខេត្តដ៏មានសក្ដានុពលមួយនេះ​ ។

សម្ដេចឧបនាយករដ្ឋមន្រ្តីបានសម្ដែងក្ដីរីករាយ ដែលបានអញ្ជើញចូលរួមបិទសន្និបាតដ៏មានសារៈខាន់នេះ ហើយឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតាងនាមឲ្យរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន សូមថ្លែងកោតសរសើរ និងអរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត និងភាគីពាក់ព័ន្ធ ដែលបានរួមគ្នាសម្រេចបានសមិទ្ធិផលវិជ្ជមានជាច្រើន ពិសេសការរក្សាសុខសន្ដិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍជាតិ និងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ​ ។

សម្ដេចក្រឡាហោម ក៏មានប្រសាសន៍ទៅកាន់អង្គសន្និបាតដែរថាយើងមានមោទនភាព ចំពោះការប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់របស់ជាតិ ទោះជាមានឧបសគ្គខ្លះក៏ដោយ។ សម្ដេចបានសម្ដែងក្ដីជឿជាក់ថាថ្នាក់ដឹកនាំខេត្ត និងភាគីពាក់ព័ន្ធ នឹងបន្តរួមគ្នាធ្វើឲ្យសម្រេចបានទៅតាមទិសដៅ ដែលក្រសួងបានដាក់ចេញ ពិសេសតាមអនុសាសន៍របស់សម្ដេចតេជោ ដែលបានណែនាំក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃកន្លងទៅនេះ​ ។

សម្ដចក្រឡាហោ ស ខេង បានទាញចំណាប់អារម្មណ៍អង្គសន្និបាត ថាឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាថែរក្សាបានយ៉ាងល្អនូវសុខសន្តិភាពទូទាំងប្រទេស បន្តរក្សាបានកំណើនសេដ្ឋកិច្ច ហើយសម្ដេចបានគូសបញ្ជាក់ថាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យផលនៃកំណើននេះ បានទៅដល់ដៃប្រជាពលរដ្ឋ ទោះផ្ទាល់ ឬប្រយោលពោលគឺមិនមែនបានទៅលើតែក្រុមណាមួយឡើយ។

សម្ដេចក្រឡាហោម ក៏បានថ្លែងជំរុញ និងលើកទឹកចិត្តថ្នាក់ដឹកនាំខេត្ត ភាគីពាក់ព័ន្ធ ត្រូវបន្តខិតខំកែលម្អបញ្ហាប្រឈមនានា ហើយត្រូវប្រឹងប្រែងប្រើប្រាស់សក្ដានុពលខេត្តឲ្យកាន់តែទទួលបានផលជូនជាតិ ពីព្រោះពេលនេះ ខេត្តព្រះសីហនុ បាននិងកំពុងស្រូបយកភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគបរទេសយ៉ាងច្រើនជាបន្តបន្ទាប់ ដូច្នេះយើងត្រូវប្រែក្លាយឱកាសនេះ ធ្វើយ៉ាងម៉េច ទាញយកប្រយោជន៍ជូនជាតិ និងប្រជាជនឲ្យបានច្រើនបំផុត។

ពាក់ព័ន្ធនឹងលំហូរយ៉ាងច្រើននៃភ្ញៀវទេសចរណ៍បរទេស និងវិនិយោគទុននេះដែរ សម្ដេចបានគូសបញ្ជាក់ថាយើងមិនត្រូវមានទស្សនៈប្រកាន់ជ្រុលពេកទេនោះទេ ពោលគឺកម្ពុជាមានច្បាប់គ្រប់គ្រងត្រឹមត្រូវ ហើយយើងត្រូវតែអនុវត្តន៍ច្បាប់ឲ្យបានល្អ ទោះជាអ្នកមកនោះជាអ្នកមាន អ្នកក្រ ក្រុមហ៊ុនតូច ឬធំយ៉ាងក៏ដោយ ឲ្យតែចូលមកគោរពច្បាប់ យើងត្រូវស្វាគមន៍ និងជួយសម្របសម្រួល ដើម្បីស្រូបយកផលប្រយោជន៍ជូនជាតិ និងប្រជាជន។

សម្ដេចក៏បានណែនាំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្តព្រះសីហនុ ត្រូវទទួលយក និងស្ដាប់រាល់មតិរិះគន់កែលម្អរបស់ប្រជាពលរដ្ឋ ចំពោះការងារគ្រប់គ្រងរដ្ឋបាល ដោយសម្ដេចបានមានប្រសាសន៍ថា កម្ពុជាជាប្រទេសប្រជាធិបេត្យសេរីពហុបក្ស ពលរដ្ឋមានសិទ្ធិបញ្ចេញមតិតាមការយល់ឃើញ ដូច្នេះក្នុងនាមអាជ្ញាធរ ត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងត្រូវទទួលយកមតិរិះគន់នោះមកសិក្សា និងដោះស្រាយ។

ជាមួយគ្នានេះ សម្ដេចឧបនាយករដ្ឋមន្រ្តី បានណែនាំឲ្យស្ថានប័នផ្ដល់សិទ្ធិវិយោគ និងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ត្រូវពិនិត្យមើល និងសិក្សាសវតាក្រុមហ៊ុនបរទេសឲ្យបានច្បាស់ទោះមកពីប្រទេសណាក៏ដោយ ហើយរដ្ឋបាលខេត្តក៏ត្រូវតែយកចិត្តទុកដាក់ចំពោះបញ្ហានេះ ដើម្បីធានាថាក្រុមហ៊ុនទាំងនោះ នឹងមកឈរជើងនៅកម្ពុជាដើម្បីតែប្រព្រឹត្តបទល្មើសផ្សេងៗដូចជាការលាងលុយកខ្វក់ជាដើមឡើយ​ ៕ តាឡឹម


ចែករំលែក៖