ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយសមាជិកការិយាល័យនយោបាយ និងជាលេខាបក្សក្រុង Tianjin

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាពនៅព្រឹកថ្ងៃច័ន្ទ៥ រោច ខែអស្សុជឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា​ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក លីហុង ហ្សុង (Li Hongzhong)
សមាជិកការិយាល័យនយោបាយ និងជាលេខាបក្សក្រុង Tianjin ប្រទេសចិន។

ក្នុងជំនួបនោះលោក Li Hongzhong បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ហើយលោកក៏បានជម្រាបជូនសម្តេចតេជោថា នេះជាលើកទី១ហើយ ដែលលោកបានមកកាន់ព្រះរាជាណាចក្រកម្ពុជាហើយតាមរយៈនេះ លោកបានឃើញថា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជាមានជីវភាពធូរធារ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចកើនឡើង សង្គមកម្ពុជាកំពុងមានភាពសុខដុមរមនា។ លើសពីនេះទៅទៀតលោកឃើញថាប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព និងស្ថិរភាពផងដែរដែលនេះគឺជាកត្តាដែលនាំអោយសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជាបានទទួលនូវការឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីក្នុងពេលកន្លងទៅថ្មីៗនេះ។

ក្នុងឱកាសនោះលោក Li Hongzhong ក៏បានសម្ដែងនូវការអបអរសាទរចំពោះសម្តេចតេជោក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលបានទទួលការគាំទ្រពីប្រជាពលរដ្ឋពីការបោះឆ្នោតកន្លងទៅថ្មីៗនេះ លើសពីនេះទៅទៀតលោកក៏បានកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោផងដែរ។ លោកបានមានប្រសាសន៍ថា សម្ដេចតេជោគឺជាមិត្តដែកថែបរបស់ចិន ហើយលោកក៏សូមសម្ដែងនូវការកោតសរសើរចំពោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលបានដាក់ចេញកន្លងមកនេះ លើសពីនេះទៅទៀត លោកក៏បានគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីជំរុញការផ្លាស់ប្ដូររវាងថ្នាក់ដឹកនាំ រវាងប្រជាជនចិន និងប្រជាជនកម្ពុជា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាសម្ដែងនូវការអបអរសាទរខួបលើកទី៦០ ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាពិសេសរវាងទីក្រុង Tianjin និងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Li Hongzhong ដែលបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកប្រធានាធិបតី ស៊ី ជិនពីង និងលោកនាយករដ្ឋមន្ត្រីចិនចំពោះសម្ដេច។ សម្តេចតេជោក៏បានអរគុណចំពោះការគាំទ្រ និងការកោតសរសើររបស់លោក Li Hongzhong ពីភាពជោគជ័យរបស់គណបក្សជាជនកម្ពុជា ក៏ដូចជារូបសម្ដេចផ្ទាល់ដែលបានទទួលជោគជ័យពីការបោះឆ្នោតកន្លងមកនេះ។ សម្ដេចក៏អបអរសាទរចំពោះប្រជាជនចិនដែលទើបតែសម្ភោធដាក់អោយប្រើប្រាស់នូវស្ពានដែលវែងជាងគេបំផុតលើពិភពលោកដែលមានប្រវែងប្រមាណជា ៥០គីឡូម៉ែតត្រ សម្ដេចបានមានប្រសាសន៍ថា ពីអតីតកាលចិនមានមហាកំផែងដ៏វែង ហើយនៅពេលនេះចិនក៏មានស្ពានដ៏វែងមួយទៀត។

សម្តេចនាយករដ្ឋមន្រ្តីបានយល់ស្របចំពោះអ្វីដែល លោក Li Hongzhong បានលើកឡើងពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងគណបក្សទាំងពីរផងដែរ ហើយសម្តេចក៏សំដែងនូវការអបអរសាទរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរវាងទំនាក់ទំនងរវាងកម្ពុជា និងចិនដែលមានដំណើរការវិវត្តន៍ជារៀងដរាបមករហូតមកដល់ដំណាក់កាលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយដែលមកដល់ពេលនេះគឺជាមិត្តដែកថែប ថែមទៀតនោះ៕


ចែករំលែក៖