ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារពេលល្ងាចនៃខួបអាស៊ាន៥០ឆ្នាំ

ចែករំលែក៖

ប្រទេសស្វុីស៖ នៅម៉ោង៨:០០នាទីយប់ ថ្ងៃទី១៩ មករា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើចូលរួមពិសារអាហារការងារ ធ្វើឡើងនៅ Central Sporthotel, Saumerstube លើប្រធានបទ «អាស៊ានក្នុងរយៈពេល៥០ឆ្នាំៈ តើអាស៊ានមានដំណើរទៅមុខទៀតយ៉ាងដូចម្ដេច?»។ កម្មវិធីនេះមានការចូលរួមពីសំណាក់ប្រមុខរដ្ឋនៃបណ្ដាប្រទេសជាច្រើន ដែលក្នុងនោះមានសន្ទរកថាបើករបស់ លោកនាយករដ្ឋមន្ត្រីវៀតណាម កម្មវិធីសំនួរចម្លើយពីសំណាក់តំណាងសាកលវិទ្យាល័យសិង្ហបុរី និងក្រុមហ៊ុនឯកជនចំនួន០៣ផ្សេងទៀត រួមទាំងមានការចែករំលែកអំពីចំណុចសំខាន់ៗនៃសុន្ទរកថារបស់ប្រមុខរដ្ឋនីមួយៗ។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញឡើងថ្លែងសុន្ទរកថាបិទកម្មវិធី។

នៅក្នុងពិធីល្ងាចនេះ សម្ដេចតេជោ បានលើកឡើងពីចក្ខុវិស័យប្រកបដោយមហិច្ឆតាក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ ដែលជាសេដ្ឋកិច្ចមានសមាហរណកម្ម និងសិនិទ្ធពលខ្ពស់ (Highly Integrated and Cohesive Economy ) ដែលចារិកដោយលក្ខណៈសម្បត្តិចម្បង៤ យ៉ាង ៖ ទី១-ជាទីផ្សារ និងមូលដ្ឋានផលិតកម្មរួមតែមួយ, ទី២-ជាតំបន់ប្រកបដោយភាពប្រកួតប្រជែងសេដ្ឋកិច្ចខ្ពស់, ទី៣-ជាតំបន់ដែលមានការអភិវឌ្ឍន៍ប្រកបដោយសមធម៌, និងទី៤-ជាតំបន់ដែលត្រូវបានធ្វើសមាហរណកម្មពេញលេញចូលទៅក្នុងសេដ្ឋកិច្ចសកល ហើយដែលប្រជាជាតិទាំងអស់មានអត្តសញ្ញាណជាអាស៊ានតែមួយ។

សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា ដើម្បីសម្រេចបានចក្ខុវិស័យ អាស៊ានត្រូវយកចិត្តទុកដាក់លើចំនុចមួយចំនួនរួមមាន ១)ការបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការ ដើម្បីធានាឲ្យបាននូវសន្តិសុខ, សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលរញ ២)ការបន្តកំណើនសេដ្ឋកិច្ចដ៍រឹងមាំ, មានតុល្យភាព, ចីរភាព និងបរិយាប័ន្ន ៣)ការបន្តជំរុញអនុវត្តឲ្យបានសម្រេចតាមការគ្រោងទុកនូវ «ផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» ៤)ការខិតខំជំរុញឲ្យសម្រេចបានឆាប់រហ័សនូវ «កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់» ៥)ការបន្តជំរុញលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងការពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងកម្រិតតំបន់ ទាំងក្នុងកម្រិតសាកល៕ ប្រភពហ្វេសប៊ុកសម្តេចតេជោ

11 21 22 112


ចែករំលែក៖