ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រារព្ធពិធីបួងសួង រម្លឹកគុណដល់បុព្វបុរសខ្មែរ និងអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រី ភរិយាឥស្សរជន មន្ត្រីជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានប្រារព្ធពិធីបួងសួង រម្លឹកគុណដល់បុព្វបុរសខ្មែរ និងអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅតំបន់ប្រាសាទសំបូរព្រៃគុក លើទឹកដីខេត្តកំពង់ធំ។

ពិធីបូងសួងនេះ គឺជាផ្នែកមួយនៃការរម្លឹកកគុណ និងដឹងគុណចំពោះមហាបុព្វបុរសខ្មែរ ដែលបានកសាងប្រាសាទដ៏ល្អឯក បន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងជាផ្នែកមួយនៃពិធីសួងសួងសុំសុខសន្តិភាព ឱ្យនៅតែកើតមានដល់កម្ពុជា ព្រមទាំងបញ្ចៀសនូវគ្រោះមហន្តរាយពីធម្មជាតិនានា។

តំបន់ប្រាសាទសំបូរព្រៃគុក ដែលជារាជធានី ឥសានបុរៈរបស់ខ្មែរ កាលពីសម័យចេនឡានោះ តាមរយៈឯកសារចិន ឯកសារឥណ្ឌា និងមជ្ឈិមបូព៌ា ដែលមានសរសេរទាក់ទងនឹងអាណាចក្រចេនឡា ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១។

តំបន់ប្រាសាទក្នុងរាជធានីមានបណ្ដោយ៦គីឡូម៉ែត្រ ទទឹង៤គីឡូម៉ែត្រ និងតំបន់ជុំវិញទៀត ពោលមានវិសាលភាពធំធេងណាស់។

ក្រោយពេលទទួលបានឯករាជ្យពីអាណាចក្រភ្នំ ព្រះបាទភវវរ្ម័នទី១ ដែលព្រះបិតុលារបស់ព្រះបាទឥសានវរ្ម័នទី១ និងព្រះបាទមហិន្ទ្រវរ្ម័នទី១ ដែលជាព្រះបិតារបស់ព្រះបាទឥសានវរ្ម័នទី១ បានតាំងរាជធានីថ្មីនៅសេដ្ឋបុរៈ គឺមានទីតាំងនៅតាមបណ្ដោយដងទន្លេមេគង្គ ប៉ុន្តែព្រះបាទឥសានវរ្ម័នទី២ ក្រោយស្នងរាជ្យបន្តពីព្រះបិតាហើយ ព្រះអង្គមិនបានសោយរាជ្យនៅសេដ្ឋបុរៈឡើយ ដោយទ្រង់បានប្ដូររាជធានីមកឥសានបុរៈវិញ ដែលមានទីតាំងតាមបណ្ដោយដងស្ទឹងសែន តភ្ជាប់មកបឹងទន្លេសាប គឺតំបន់ប្រាសាទសំបូរព្រៃគុកនេះឯង។

សម្រាប់ស្ថាបត្យកម្មនៃប្រាង្គប្រាសាទសំបូរព្រៃគុក មានរូបរាង៣ប្រភេទ រួមមាន៖

រាងចតុកោណបួនជ្រុងស្មើចតុកោណ បួនជ្រុងទ្រវែង និងអដ្ឋកោណប្រាំបីជ្រុងស្មើ ដោយតួប្រាង្គប្រាសាទមួយចំនួន មានឆ្លាក់រូបប្រាសាទនិម្មិត មានក្បូរក្បាច់រចនាលម្អលើជញ្ជាំងប្រាសាទ និងផ្នែកផ្សេងៗ សម្រាប់បូជាចំពោះអាទិទេពហិណ្ឌូនិយម។

ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមានប្រទេស១៩៣ជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។

នៅ​ក្នុង​ពិធី​បួង​សួង​សុំសេចក្តី​សុខ​ចម្រើន​នេះ ​នឹង​មាន​ការ​សម្តែង​សិល្ប: ផ្ទាំងទស្សនីយភាព លេង​ល្បែង​កម្សាន្ត​ផ្សេងៗផងដែរ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត


ចែករំលែក៖