ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោបន្តរិះគន់អាមេរិករឿងបញ្ជូនទ័ពឈ្លានពានប្រទេសដទៃសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ ជាពិសេសកុមារ

ចែករំលែក៖

ខេត្តសៀមរាប ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃ ទី១ ខែមីនា ឆ្នាំ២០១៧ បានថ្លែងរិះគន់ចំៗ ទៅកាន់សហរដ្ឋអាមេរិកដែលបានបញ្ជូនកងទ័ពយ៉ាងច្រើនទៅក្រៅប្រទេសដើម្បីឈ្លានពានដល់ប្រទេសដទៃ។ សម្តេចបាន ចាត់ទុកថា ការបញ្ជូនទ័ពទៅក្រៅប្រទេស បង្កើតសង្រ្គាមហើយបានបង្កឱ្យកុមារជាច្រើនរងគ្រោះ ជាពិសេសបទពិសោធន៍នៅ តំបន់ឥណ្ឌូចិនកន្លងមក ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះនៅក្នុងសន្និសីទអន្តរជាតិ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍកុមារតូចដែលរៀបចំឡើងដោយក្រសួង អប់រំ យុវជន និងកីឡានៅខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។ វេទិកានេះ បាននិយាយអំពីផលវិបាករបស់ កុមារនៅប្រទេសមួយចំនួន ជាពិសេសនៅក្នុងបណ្តាប្រទេសមានសង្រ្គាម ។

សម្តេចតេជោបានមានប្រសាសន៍ថា «ប្រសិនបើមានសន្និសីទអន្តរជាតិកាន់តែច្រើនយើងគួរតែដំឡើងសំឡេងឱ្យកាន់តែ ច្រើនផងដែរអំពីបណ្តាប្រទេសដែលដើរឈ្លានពានគេ ហើយគិតតែសម្លាប់កុមារ នោះ។ តើប្រទេសណាបានធ្វើច្រើនជាងគេ នៅលើលោកនេះដែលបង្កើតឱ្យមានសោក នាដកម្មទៅលើកុមារ? ប្រទេសណាដែល នាំកងទ័ពទៅឈ្លានពានប្រទេសគេប្រទេស ហ្នឹងឯងដែលធ្វើបាបកុមារច្រើនជាងគេនោះ» ។

សម្តេចតេជោបានបន្ថែមថា «ពេលដែល អាមេរិកឈ្លានពានកម្ពុជា តើមានកុមារ ប៉ុន្មានទៅដែលបានស្លាប់ ខ្លះពិការ និង បង្កើតស្ថានភាពខ្វះអាហារូបត្ថម្ភ? កុមារ នៅឥណ្ឌូចិនទាំងកម្ពុជា ឡាវ វៀតណាម រហូតដល់ឥឡូវមិនទាន់អស់។ គ្រាន់តែជាតិ គីមីបានធ្វើឱ្យកុមារកើតមកមិនគ្រប់ ឆែប មាត់។ អាហ្នឹងមកពីអ្វី? យើងគួរតែមាន សំឡេងរួមមួយដើម្បីថ្កោលទោសពួក ឈ្លានពាន»។

កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដ៏រ៉ាំរ៉ៃ បន្ទាប់ពីមានរដ្ឋប្រហារ ដែលគាំទ្រដោយ សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៧០។ រដ្ឋ ប្រហារនោះត្រូវបានដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ បង្កជាសង្រ្គាមហូរហែ ដែលក្រោយមកទៀតក៏កើតមានខ្មែរ ក្រហមងើបប្រឆាំងនឹង លន់ នល់ ធ្វើឱ្យ កម្ពុជាជួបសោកនាដកម្មយ៉ាងធ្ងន់ធ្ងរក្នុង ប្រវត្តិសាស្រ្ត។

បើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាពីដើមឆ្នាំ១៩៦៣ដល់ដើមឆ្នាំ១៩៧៥ ដែលបានសម្លាប់ពលរដ្ឋ និងកុមារកម្ពុជារាប់សែននាក់ ហើយទិន្នន័យ ដែលបានឯកភាពដោយប្រធានាធិបតី ប៊ីល គ្លីនតុន នៅឆ្នាំ២០០០ បញ្ចេញជា ឯកសារចំហថា អាមេរិកទម្លាក់គ្រាប់បែក នៅកម្ពុជាជិត២លាន៨សែនតោនពីថ្ងៃ ទី៥ ខែតុលា ឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ ប៉ុណ្ណោះ។ ចំនួនគ្រាប់បែកនេះមិនទាន់ ត្រឹមត្រូវទេ ព្រោះវាបាត់រយៈពេលជិត៥ឆ្នាំ ដែលមិនទាន់បញ្ចេញទិន្នន័យនៅឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «យើងគួរតែកុំខ្លាចនឹងនិយាយចំឈ្មោះ ប្រទេសដែលឈ្លានពានគេបើមិនដូច្នោះទេ យើងគ្រាន់តែបន្ទោសតែខ្លួនឯងតែ គ្នាឯងហ្នឹង ប៉ុន្តែអ្នកបង្កហេតុយើងមិន បន្ទោស។ នៅកម្ពុជាមានក្មេងរងគ្រោះច្រើន ណាស់ដោយសារគ្រាប់មិនទាន់ផ្ទុះដោយសារតែមិនបានស្គាល់គ្រាប់ ហើយយកមក ដំលេង ហើយនេះនរណា? គឺអាមេរិកាំង គ្រាប់បែកអាមេរិក។ អ៊ីចឹងបានខ្ញុំថា ល្មម ដល់ពេលដែលយើងហ៊ាននិយាយការណ៍ ពិតហើយ» ៕ហេង សូរិយា

kaphoeng


ចែករំលែក៖