ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោមិនអនុញ្ញាតឲ្យអ្នកដែលជាអាយ៉ងបរទេសមកបំផ្លាញខ្មែរគ្នាឯងឡើយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាបានបញ្ជាក់ក្រោយពីមានការចាប់ខ្លួនលោក កឹម សុខា ថា កម្ពុជាមិនអនុញ្ញាតឲ្យក្រុមណាមួយដែលជាអាយ៉ង របស់បរទេសមកបំផ្លាញខ្មែរគ្នាឯងឡើយ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធព្រះវិហារអ៊ិស្លាម ក្រុងកំពង់ចាម ខេត្តកំពង់ចាមកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៧បានថ្លែងថា មិនត្រូវឲ្យក្រុមណា មួយមកបំផ្លិចបំផ្លាញសន្តិភាពតាមរយៈ ការធ្វើអាយ៉ងបរទេសមកបំផ្លាញខ្មែរគ្នាឯងដូចនៅក្នុងឆ្នាំ១៩៧០នោះទេគឺដូចដែលបានរកឃើញនាពេលថ្មីៗនេះពីអំពើក្បត់ជាតិរបស់ជនម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ។

សម្ដេចតេជោបានបន្តថា ទុកឲ្យតុលា ការជាអ្នកកំណត់ជោគវាសនារបស់ពួកគេតទៅទៀត ហើយយើងគ្រាន់តែផ្ដាំផ្ញើថា អ្នកដែលបានធ្វើសេចក្ដីថ្លែងការណ៍ដើម្បី ការពារជននេះ (កឹម សុខា) គឺគ្រាន់តែជា ការការពារអាយ៉ងរបស់ខ្លួនឲ្យរួចផុតពីការចោទប្រកាន់តែប៉ុណ្ណោះ ។

សម្ដេចតេជោបន្ថែមថា ត្រូវគោរពអធិប តេយ្យរបស់កម្ពុជាមិនត្រូវប្រើប្រាស់វិធីផ្ដួល រំលំតាមរយៈការធ្វើបដិវត្តន៍ពណ៌នោះទេ។

សម្ដេចបានបញ្ជាក់ថា ជាមួយនឹងការ ឈានឡើងទៅមុខតម្រូវការមុនគេគឺការ រក្សាសន្តិភាពឲ្យខាងតែបានទោះដោយតម្លៃណាក៏ដោយមិនអាចឲ្យបរទេសប្រើប្រាស់ជនជាតិខ្មែរដើម្បីសម្លាប់ខ្មែរតទៅទៀតទេ។

សម្ដេចតេជោបញ្ជាក់បន្ថែមថា ត្រូវ ស្រាវជ្រាវវែកមុខឲ្យច្បាស់ចំពោះអ្នកដែលបានផ្ដល់នូវមេរៀនហើយយកមកអនុវត្តយុទ្ធសាស្ត្រដើម្បីបំផ្លាញសន្តិភាពកម្ពុជា។ ការស្លាប់នៅចុងឆ្នាំ២០១៣និងដើមឆ្នាំ ២០១៤ (បាតុកម្ម) គឺជាផែនការរៀបចំទុក ជាមុនតាមរយៈសម្ដីដែលទើបបែកធ្លាយ ពេលថ្មីៗនេះ ។

សម្ដេចតេជោបន្តទៀតថា គេបាន និយាយថារៀបចំផែនការប៉ុណ្ណឹងនិងមធ្យោបាយប៉ុណ្ណឹងហើយមិនជោគជ័យគេនឹងបន្ត ធ្វើទាល់តែបានជោគជ័យ។ ប៉ុន្តែបានរក ឃើញហើយត្រូវបន្តចាត់វិធានការដើម្បី កម្ទាត់ចោលពួកក្រុមដែលបំផ្លាញជាតិ និង សេចក្ដីសុខរបស់ប្រជាជន ។

សម្ដេចតេជោបានថ្លែងថា សូម្បីពាក្យ សម្បថក្នុងព្រះបរមរាជវាំងនៅមុខព្រះភក្រ្តព្រះមហាក្សត្រ នៅមុខគណៈសង្ឃទាំង២ គណៈសុទ្ធតែបានបញ្ជាក់មិនឲ្យបរទេស មកបង្គាប់បញ្ជាគោលនយោបាយរបស់ខ្លួន ទាំងក្នុងនិងក្រៅប្រទេស ប៉ុន្តែផ្ទុយទៅវិញ អ្នកនយោបាយបានដាក់ខ្លួនធ្វើជាអាយ៉ងបរទេសតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ ពេលនេះទើបបែកធ្លាយជាសាធារណៈ។ អ្វីដែលបានកើតឡើងកាលពីពេលមុន និងធ្វើឲ្យអស្ថិរភាពគឺកើតចេញពីការដឹកនាំ របស់ពួកបរទេសបំផ្លាញជាតិប៉ុណ្ណោះ ។

សម្ដេចតេជោបានផ្ញើសារទៅកាន់ពួកបរទេសដែលបានប្រើជនជាតិខ្មែរឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយនឹងស្រាវជ្រាវ តាមផ្លូវតុលាការដើម្បីរកឲ្យឃើញថា អ្នក ណាខ្លះបានចូលរួមនៅក្នុងព្រឹត្តិការណ៍ រយៈពេលកន្លងទៅ ហើយជនបរទេសណា ខ្លះដែលគេថាមកពីអាមេរិក និងកាណាដា។

គិតមកទល់នឹងពេលនេះមានរយៈពេល៣ថ្ងៃទៅហើយដែលប្រធានគណបក្ស ប្រឆាំងត្រូវនគរបាលចាប់ខ្លួនបន្ទាប់ពីជាប់ចោទរៀបគម្រោងផ្ដួលរំលំរដ្ឋាភិបាល កម្ពុជាបច្ចុប្បន្ន ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញាថា សំណុំរឿងលោក កឹម សុខា កំពុងស្ថិតក្នុងដៃរបស់អយ្យការភ្នំពេញ ប៉ុន្តែលោកមិនបរិយាយឲ្យលម្អិត ទេដោយលោកជំរុញឲ្យទៅសួរលោក លី សុផាន់ណា ដែលជាអ្នកនាំពាក្យសាលា ដំបូងរាជធានីភ្នំពេញ ។

លោក គឹម សន្តិភាព បានបន្តថា «ស្ថិតក្នុងដំណាក់កាលដៃរបស់អយ្យការហើយរឿងថ្ងៃក្រោយយ៉ាងម៉េចខ្ញុំមិនទាន់ដឹងទេ ពីព្រោះនេះជានីតិវិធីស្ថិតក្នុងដំណាក់កាលនៃការឃាត់ខ្លួនរបស់នគរបាលយុត្តិធម៌ នគរបាលយុត្តិធម៌មានសិទ្ធិឃាត់ខ្លួន៤៨ម៉ោងទៅ៧២ម៉ោង តែសម្រាប់ទីតាំងវិញ មិនកំណត់ក្នុងច្បាប់ថា ត្រូវដាក់នៅទីណា ទេសំខាន់ការសម្រេចរបស់មន្រ្តីមានសមត្ថកិច្ចថាតើដាក់នៅឯណាដែលមានសុវត្ថិ ភាពគឺពាក់ព័ន្ធតែលក្ខខណ្ឌនៃការការពារ សន្តិសុខសុវត្ថិភាពជនជាប់សង្ស័យទេ» ។

អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំលោក ហាក់ សៀកលីម បានពន្យល់ថា កុំឲ្យមានការភាន់ច្រឡំថា បញ្ជូនមកត្រពាំង ប្លុងហើយសួរថាចំណាត់ការអីខាងតុលាការ ត្បូងឃ្មុំមិនទាន់មានសមត្ថកិច្ចអីទៅលើ សំណុំរឿងនេះទេ។ ពន្ធនាគារត្រពាំងប្លុង ជាពន្ធនាគារថ្នាក់ជាតិ អ៊ីចឹងរាល់ជនជាប់ឃុំទាំងឡាយណាខាងពន្ធនាគារគាត់អាចធ្វើការបញ្ជូនមកដាក់នៅពន្ធនាគារត្រពាំងប្លុងនេះបាន ។

រហូតមកទល់នឹងពេលនេះគណបក្ស សង្គ្រោះជាតិមិនទាន់បរិយាយអ្វីឲ្យស៊ី ជម្រៅទេ ក្រៅពីទទូចឲ្យមានការដោះលែង ដោយគ្មានលក្ខខណ្ឌនិងថ្កោលទោសរដ្ឋាភិបាល ។

អនុប្រធានគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ មិនបានបញ្ចេញទស្សនៈ ទេនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ។ លោកស្រី បានបន្តថា « ខ្ញុំផ្ដល់ព័ត៌មានអត់បានទេ! នៅពេលសួរថា តើនរណាត្រូវជំនួសនិង ឡើងប្រធានស្ដីទីលោកស្រី មូរ សុខហួរ នៅតែបញ្ជាក់ដដែលថាខ្ញុំផ្ដល់ព័ត៌មានអត់បានទេ» ។

យោងតាមទំព័រហ្វេសប៊ុកលោក កឹម សុខា ចេញផ្សាយនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ថា មកដល់ពេលនេះលោក កឹម សុខា សុខ ទុក្ខយ៉ាងណានៅមិនទាន់ដឹង អាជ្ញាធរនៅមិនទាន់អនុញ្ញាតឲ្យនរណាម្នាក់ទៅជួបលោកឡើយ ។

ក្រៅពីការចាប់ខ្លួនប្រធានគណបក្ស សង្គ្រោះជាតិលោក កឹម សុខា សមត្ថកិច្ច បានដាក់ខ្នោះដៃកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ហើយអង្គរក្សរបស់លោកចំនួន៨នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផង ដែរប៉ុន្តែត្រូវបានដោះលែងឲ្យទៅវិញហើយ ។

សូមបញ្ជាក់ថា ប្រធានគណបក្សសង្គ្រោះ ជាតិលោក កឹម សុខា រួមនឹងអង្គរក្សជិត១០ នាក់ត្រូវកម្លាំងប៉ូលិសប្រដាប់ដោយអាវុធវែងខ្លីបានឡោមព័ទ្ធ និងចាប់ខ្លួនកាលពីម៉ោងជាង១២យប់ឈានចូលថ្ងៃទី៣ ខែ កញ្ញា ២០១៧ ស្ថិតនៅបរិវេណផ្ទះរបស់ លោកក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនមេបក្ស រូបនេះគឺធ្វើឡើងភ្លាមៗបន្ទាប់ពីមានព័ត៌ មានបែកធ្លាយថ្មីៗនេះថា គណបក្សប្រឆាំង និងក្រុមគ្រួសាររបស់លោកបានឃុបឃិតជាមួយបរទេសក្នុងគោលបំណងចង់ផ្តួល រំលំរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ។

លោក ជាម យៀប សមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបញ្ជាក់ ឲ្យដឹងថា ការចាប់ខ្លួនអតីតសមាជិកសភា កឹម សុខា ជាការប្រព្រឹត្តបទល្មើសព្រហ្ម ទណ្ឌជាក់ស្តែងទាក់ទងទៅនឹងរឿងក្បត់ជាតិដោយសារតែសមត្ថកិច្ចមានភស្តុតាងច្បាស់លាស់ជាច្រើនក្នុងការប្រើប្រាស់ កម្លាំងមហាជនប៉ុនប៉ងផ្តួលរំលំរាជរដ្ឋា ភិបាល ។

លោកបានបន្តថា រហូតមកដល់ពេល នេះរដ្ឋសភានៅពុំទាន់បានទទួលលិខិតជូនដំណឹងជាផ្លូវការពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អំពីការចាទប្រកាន់បទល្មើសព្រហ្មទណ្ឌនិងការអនុវត្តនីតិវិធីចាប់ខ្លួនអតីតសមាជិក សភាឈ្មោះកឹម សុខា នៅឡើយទេ។ បន្ទាប់ ពីមានលិខិតពីក្រសួងយុត្តិធម៌ជាផ្លូវការ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងកោះប្រជុំគណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីគាំទ្រដល់ស្ថាប័នតុលាការឲ្យបន្តនីតិវិធីលើបុគ្គល កឹម សុខា ទៅតាមច្បាប់ក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជា ។

លោក ជាម យៀប បានពន្យល់តាម នីតិវិធីដូច្នេះថា ករណីជនជាប់ចោទ កឹម សុខា ពុំចាំបាច់កោះប្រជុំវិសាមញ្ញរដ្ឋសភានោះទេគឺសម្តេចប្រធានរដ្ឋសភាគ្រាន់តែកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភាជាការស្រេចដែលអាចនឹងធ្វើឡើងនៅខែក្រោយគឺខែតុលាបន្ទាប់ពីសភាចូលកងវិញ ។

លោកបានបញ្ជាក់ថា ការចាប់ខ្លួនបុគ្គល កឹម សុខា សមាជិកសភាគណបក្សប្រឆាំង រូបនេះពុំបានប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកសភាអាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅក្នុងអំឡុងខែកក្កដា ឆ្នាំ ២០១៨នោះទេ គឺជាបុគ្គលដែលបាន ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ៕ ហេង សូរិយា


ចែករំលែក៖