ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អបអរសាទរខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង អបអរសាទរខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដែលជាទិវាសិទ្ធិមនុស្សសកល (Human Rights Day) ត្រូវអង្គការសហប្រជាជាតិ (UN) បានប្រកាសឲ្យប្រើតាំងពីឆ្នាំ ១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាពរបស់មនុស្សជាតិគ្រប់រូបនៅលើពិភពលោកដែលកើតមកមានសិទ្ឋិសេរីភាព និងស្មើភាពគ្នាប្រកបដោយសេចក្តីថ្លៃថ្នូរ។

សម្តេចតេជោ​ថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​យ៉ាងដូច្នេះថា៖

«អបអរសាទរខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០១៨

ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ដែលជាទិវាសិទ្ធិមនុស្សសកល (Human Rights Day) ដែលអង្គការសហប្រជាជាតិ (UN) បានប្រកាសឲ្យប្រើតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាពរបស់មនុស្សជាតិគ្រប់រូបនៅលើពិភពលោកដែលកើតមកមានសិទ្ឋិសេរីភាព និងស្មើភាពគ្នាប្រកបដោយសេចក្តីថ្លៃថ្នូរ។

នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងងអស់ សូម្បីសិទ្ឋិរស់រានមានជីវិត សិទ្ឋិទទួលទានអាហារ សិទ្ឋិពិនិត្យព្យាបាលជំងឺ សិទ្ឋិជំនឿសាសនា សិទ្ឋិសិក្សាអប់រំ សិទ្ឋិជ្រើសរើសតំណាង និងសិទ្ឋិបញ្ចេញមតិ សិទ្ឋិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម..។ល។ របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ឋិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានសម្លាប់ចោលអស់ជាង៣លាននាក់នៅក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃប៉ុណ្ណោះ។

ក្រោយពេលប្រទេសជាតិត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី ៧ មករា ១៩៧៩ គឺសិទ្ឋិសេរីភាពរបស់ពលរដ្ឋត្រូវបានទទួលពេញលេញឡើងវិញរហូតដល់សព្វថ្ងៃនេះ។ សិទ្ឋិសេរីភាព គឺបានធ្វើអោយប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ឋិសេរីភាពក៏បានធ្វើអោយកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ ។

សូមបងប្អូនជនរួមជាតិចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស ដើម្បីឲ្យកម្ពុយើងកាន់តែរីកចម្រើន» ៕


ចែករំលែក៖