ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អរគុណចំពោះបងប្អូនដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់លើរូបសម្តេចក្នុងការដឹកនាំប្រទេសជាតិមកទល់សព្វថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីព្រឹក ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨យ៉ាងដូច្នេះថា៖

«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

អរគុណបងប្អូនកូនក្មួយយុវជន និងកូនក្មួយកម្មករទាំងអស់ដែលបានផ្តល់នូវការគោរពស្រឡាញ់ចំពោះរូបខ្ញុំ។ ជាពិសេស អរគុណចំពោះបងប្អូនដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់លើរូបខ្ញុំក្នុងការដឹកនាំប្រទេសជាតិមកទល់សព្វថ្ងៃនេះ។

ពិតណាស់កិច្ចការប្រទេសជាតិ គឺមានការលំបាកស្មុគ្រស្មាញនិងទទួលខុសត្រូវច្រើន ជាពិសេសគឺការស្តារនិងកសាងប្រទេសជាតិមួយដែលបានបំផ្លាញដោយសង្រ្គាម និងរបបប្រល័យពូជសាន៍ស្ទើររលាយទាំងស្រុងអោយបានងើបឡើងវិញដូចសព្វថ្ងៃ។

ទន្ទឹមនឹងកម្ពុជា កំពុងរីករាយជាមួយសន្តិភាព និងវុបុលភាពនៃកំណើនសេដ្ឋ កិច្ចជាតិ គឺមានប្រទេសមួយចំនួនកំពុងជួបនូវវិបត្តិសង្រ្គាមនិងការកាប់សម្លាប់ដូចដែលយើងបានឃើញក្នុងសារព័ត៌មានរាល់ថ្ងៃនេះ។ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន គឺកម្ពុជាមិនវិលថយក្រោយជាដាច់ខាត។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសជាតិយើងទាំងមូល។ ខ្ញុំសូមលើកទឹកចិត្តបងប្អូនទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាកុំខានអោយសោះ។

ដើម្បីធានាបាននូវសុខសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិជាបន្តទៀត។

ជូនពរបងប្អូនបានរីករាយ និងមានសុខសុវត្ថិភាពក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា!» ៕


ចែករំលែក៖