ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ឆ្នាំថ្មី២០១៨ នេះ យើងរំពឹងដោយជំនឿទុកចិត្តយ៉ាងមុតមាំចំពោះកំណើនសេដ្ឋកិច្ចជាតិនឹងស្ថិតនៅក្នុងរង្វង់ ៧%

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖

«នៅក្នុងឆ្នាំថ្មី២០១៨ នេះ យើងរំពឹងដោយជំនឿទុកចិត្តយ៉ាងមុតមាំចំពោះកំណើនសេដ្ឋកិច្ចជាតិដែលនឹងស្ថិតនៅក្នុងរង្វង់ ៧%។ វិស័យឯកជនបានចូលរួមអភិវឌ្ឍន៍ប្រទេសយ៉ាងសំខាន់។ ច្បាស់ណាស់ គ្មានវិនិយោគគិនណា ពាណិជ្ជករណា ឬទេសចរណាមកវិនិយោគ ឬមកកំសាន្តនៅក្នុងប្រទេសដែលមានសង្រ្គាមនឹងគ្មានស្ថិរភាពឡើយ។ សន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាងដល់ពលរដ្ឋកម្ពុជាទាំងអស់គ្នា ដែលយើងរកបានដោយលំបាកខ្លាំងណាស់។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល យុវជនយុវតី ត្រូវខិតខំយកចិត្តទុកដាក់មិនធ្វេសប្រហែសក្នុងការសិក្សារៀនសូត្រទាំងចំណេះដឹងទូទៅនិងជំនាញបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារសេរី។ ព្រោះថាអ្នកចេះ និងមានជំនាញច្បាស់លាស់ ទើបទទួលបានការងារល្អ។

បច្ចុប្បន្ននេះ កុំថាឡើយការងារក្នុងការិយាល័យ សូម្បីការងារក្នុងរោងចក្រក៏ម្ចាស់ក្រុមហ៊ុនត្រូវការបុគ្គលិកដែលមានជំនាញនិងសមត្ថភាពល្អច្បាស់លាស់ដែរ។ ការអភិវឌ្ឍធនធានមនុស្ស គឺនៅតែជាកត្តាអាទិភាពចម្បងរបស់កម្ពុជា។

ជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងជូនពរកូនក្មួយយុវជនទទួលបានជោគញជ័យក្នុងការសិក្សា និងមានការងារធ្វើគ្រប់ៗគ្នាក្នុងឆ្នាំថ្មីនេះ» ៕


ចែករំលែក៖