ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជា អធិបតីសម្ពោធចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ កំពង់ផែពហុបំណងដែលបាន កសាងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះគិតជាទឹកប្រាក់ប្រមាណ ៧៤លានដុល្លារអាមេរិក។ កំពង់ ផែនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបំរើ និងឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំង ឆ្លងកាត់ទំនិញដែលកើនឡើងកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។

ចំណតផែពហុបំណង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ រួមមាន៖ ចំណតផែទំនិញរាយប្រវែង៣៣០ ម៉ែត្រជម្រៅទឹក១៣,៥ម៉ែត្រ, ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក៧,៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង (Tugboat) ក្រោមហិរញ្ញប្បទានសម្បទាន មានទឹក ប្រាក់សរុបចំនួនប្រមាណ៧៤លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អអន្តរជាតិជប៉ុន(JICA)ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណងកំពង់ផែក្រុងព្រះសីហនុរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេង ៗ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធចំណតផែពហុបំ ណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ។ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋា ភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ក្នុងការផ្តល់ហិរញ្ញប្បទានសម្ប ទានសាងសង់ចំណតចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងការបំរើដល់វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការដឹកជញ្ជូនទំនិញចេញចូលផ្សេងៗ។

ចំណតផែនេះ គឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់សម្រាប់ដោះដូរផលិតផលកសិកម្មនិងកសិ-ឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកដោយបានតភ្ជាប់ទៅនឹងផ្លូវជាតិលេខ២, លេខ៣, និង លេខ៤ ព្រមទាំងផ្លូវរថភ្លើង និងជាពិសេសផ្លូវល្បឿន លឿន ភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងបើក ការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានរំលឹកថា កាលពីគឺមុនកំពង់ផែក្រុងព្រះសីហនុនេះដឹកទំនិញបានត្រឹម តែ១ម៉ឺនតោនតែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះកំពង់ផែយើងអាចដឹកទំនិញបានរហូដល់ទៅ ៥ម៉ឹនតោន ដែលមានជម្រៅទឹករហូរទៅ១៤ម៉ែត្រ។ ការបង្កើតចំណតកំពង់ផែនេះគឺកើតឡើងបន្ទាប់មានការចុះ ហត្ថលេខារវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការការអភិវឌ្ឍក្នុងកំពង់ផែនេះ លើគម្រោងទឹកប្រាក់ប្រមាណ ២០៣លាន ដុល្លារអាមេរិក។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍រំលឹកពីគុណបំណាច់ដ៏ធំធេងនៃសមិទ្ធផល ដែលជា ស្នាព្រះហស្ថរបស់ សម្តេចព្រះបរមតរនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានបន្សល់ទុកនូវ កំពង់ផែខេត្តព្រះសីហនុនេះ។ ដោយសារសសង្រ្គាមអំឡុងឆ្នាំ ១៩៧០ កំពង់ផែនេះ ត្រូវបានទទួលរង នូវការបាត់បង់ខូចខាត ហើយ ផ្លូវរថភ្លើងមួយចំនួនក៏បានកាត់ផ្តាច់ផងដែរ។ នៅក្នុងសម័យប្រល័យពូជ សាសន៍ប៉ុលពត កំពុងផែនេះក៏ត្រូវបានបំផ្លិចបំផ្លាញជាបន្តបន្ទាប់ ។ ក្រោយមកដោយសារតែនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ គឺបានប្រែក្លាយកំពង់ផែមួយនេះមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ ដល់សព្វថ្ងៃនេះ។ កន្លងមកក៏មានស្នើនឹងទាមទារ ពីបុគ្គលមួយចំនួនដើម្បីដាក់កំពង់ផែនេះអោយនៅ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុឯកជន ប៉ុន្តែសម្តេចតេជោ មិនយល់ស្របឡើយ ព្រោះជាកំពង់ផែរបស់រដ្ឋ ប្រសិនបើដាក់អោយឯកជនគ្រប់គ្រងគឺអាចនឹងបាត់បង់ចំណូលយ៉ាងសន្ឋឹកសន្ឋាប់។ សម្តេចតេជោ ហ៊ុន សែន បានខិតខំថែរក្សាការពារកំពង់ផែមួយនេះរហូតទទួលបានជោគជ័យ មកទល់សព្វថ្ងៃដែលកំពុងរក ចំណូលចូលប្រទេសជាតិបានយ៉ាងច្រើន។

មុននឹងបញ្ចប់នូវការថ្លែសុន្ទកថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសារជាថ្មីចំពោះរដ្ឋា ពិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈ ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងៗចាប់តាំងពីឆ្នាំ ១៩៩២មក ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បាន អរគុណ ដល់គណៈគ្រប់គ្រងកំពង់ផែ កូនក្មួយកម្មករកម្មការនីទាំងអស់ ដែលកំពុងបំរើការងារនៅកំពង់ផែនេះ ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏បានរួមគ្នាអញ្ជើញបើករបាំងស្បៃមុខសម្ពោធ ចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដាក់់អោយប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះ តទៅ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖