ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពានអាកាស មិត្តភាពកម្ពុជា-ចិនសែនសុខ

ចែករំលែក៖

ភ្នំពេញ៖​ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំពេញ។

ស្ពានអាកាសទី៥ក្នុងទីក្រុងភ្នំពេញនេះបានចំណាយថវិកាសាងសង់សរុបប្រមាណ១៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ពន្ធ និងអាករផ្សេងៗ។ ស្ពាននេះ បានប្រើពេលសាងសង់ចំនួន ២៤ខែ ចាប់ពីខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ។ ស្ពាននេះមានប្រវែងសរុប ៩៤២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ក្នុងនោះតួស្ពាន មានប្រវែង ៦១០ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានសងខាង ប្រវែងសរុប ៣៣២ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយ និងមានមោទនភាពជាខ្លាំង ចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញដែលចាត់ទុកជាស្ពានអាកាសវែងជាងគេងក្នុងទីក្រុងភ្នំពេញដែលមានប្រវែងប្រមាណជា ៩៤២គីឡូម៉ែត្រ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពីភាពរីកចម្រើនៃវិស័យហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានកសាងជាបន្តបន្ទាប់ដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជាក់ស្តែងតំបន់នៃខណ្ឌសែនសុខនេះ ក៏បានប្រែមុខមាត់ថ្មីដែលមានស្ពាន មានផ្លូវក្រវាត់ក្រុង និងបច្ចុប្បន្នតម្លៃដីនៅតំបន់នេះក៏មានការឡើងថ្លៃផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ បានប្រកាស ថាកន្លងមករាជរដ្ឋាភិបាលបានប្រកាសពង្រីកកំណាត់ផ្លូវជាតិលេខ៥ ពីស្ពានជ្រោយចង្វាយដល់ស្ពានព្រែកព្នៅ ប៉ុន្តែយោងទៅតាមការសិក្សាស្រាវជ្រាវក្នុងការពង្រីករហូត ដល់៤គន្លងអាធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាច្រើន ជាពិសេសមិនត្រឹមតែប៉ះពាល់ដល់ផ្ទះ ប្រជាពលរដ្ឋនោះទេ សូម្បីតែវត្តអារាម វិហារឥស្លាម ក៏មានការប៉ះពាល់ផងដែរ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យមានការបង្វែរទិសមកអភវិឌ្ឍន៍តាមផ្លូវទំនប់កប់ស្រូវវិញដោយធ្វើការពង្រីកជា ៤គន្លងឆ្ពោះមកកាន់ផ្លូវជាតិលេខ ៤តែម្តង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរនិងថ្លែងអំណរគុណចំពោះសាធារណៈរដ្ឋប្រជាមានិតចិនដែលកន្លងមកតែងតែបានជួយមកដល់ប្រទេសកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងវិស័យផ្សេងៗដ៏ទៃទៀតជាច្រើន។ កម្ពុជា និងចិនមានប្រវត្តិទំនាក់ទំនងល្អជាមួយគ្នាជាយូរលង់ណាស់មកហើយ ឆ្នាំនេះក៏ជាខួបទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ជាពិសេសនៅក្នុងជំនាន់រាជរដ្ឋាភិបាលដឹកនាំរបស់ សម្តេចព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានរក្សាទំនាក់ទំនងមេត្រីភាពនិងសហប្រតិបត្តិការល្អរហូតមកដល់បច្ចុប្បន្ននេះ។ តាមរយៈទំនាក់ទំនងទំាងអស់នេះគឺបានផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកយ៉ាងច្រើន ជាពិសេស មិត្តចិនបានផ្តល់ជំនួយជាបន្តបន្ទាប់មកដល់កម្ពុជាក្នុងការកសាងសមិទ្ធផលនានា និងបច្ចុប្បន្នកម្ពុជាកំពុងទទួលភ្ញៀវទេសចរណ៍ពីប្រទេសចិនចិនយ៉ាងច្រើនគឺប្រមាណ១លាន២សែននាក់។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានប្រកាសសារជាថ្មីផងដែរថាឆ្នាំនេះកម្ពុជាប្រារព្ឋខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជាផងដែរ ដែលគ្រោងធ្វើនៅថ្ងៃទ ២៩ ធ្នូ ២០១៨ ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងអស់បើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្ន ជាពិសេសបើកបរកុំលើសល្បឿន និងមានជាតិស្រវឹង ”ពិសារគ្រឿងស្រវឹង កុំបើកបរ” និង“ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍”។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអោយចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។ ដើម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍសូមបងបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ ជាបន្តទៀត។

មុននឹងបញ្ចប់ពិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចក្តីសុខចម្រើនគ្រប់ៗ។ នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសដល់មន្ត្រីមានស្នាដៃល្អៗមួយចំនួនដែលបានចូលរួមចំណែកក្នុងការស្ថាបនាកសាងស្ពានអាកាសកម្ពុជាចិនសែនសុខនេះនៅក្នុងបរិយាកាស ស្និទ្ឋស្នាលសប្បាយរីករាយក្រៃលែង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖