ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១១កើត ខែភទ្របទ ឆ្នាំរច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Markkus Benjamin Koob សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ ដែលជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព។

លោក Markkus Benjamin Koob បានអបអរសាទរ និងបានពាំនាំនូវការអបអរសាទរអំពី លោកជំទាវអធិការបតី Angela Markel ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតកន្លងមកនេះ។ នេះជាលើកទីមួយហើយដែលលោកបានមកកាន់ប្រទេសកម្ពុជា ដ៏ស្រស់ស្អាត និងបានឃើញពីការរីកចម្រើនយ៉ាងច្រើន។ លោកមានការពេញចិត្តចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាដែលបានកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន រួមទាំងការយកចិត្តទុកដាក់របស់សម្តេចតេជោ ក្នុងការផ្តល់នូវកិច្ចគាំពារសង្គមដល់កម្មករ កម្មការិនីតាមរោងចក្រ ជាពិសេសកម្មការិនីមានផ្ទៃពោះ។

ទន្ទឹមនឹងនេះដែរ លោកបានសំដែងនូវការអបអរសាទរនិងរីករាយដែលមានក្រុមហ៊ុននិងរោងចក្រធំៗមកវិនិយោគនៅកម្ពុជាលើទីផ្សារវាយនភ័ណ្ឌដែលមានគុណភាពនាំចេញទៅទីផ្សារអឺរ៉ុប។ លោកក៏បានបញ្ជាក់សារជាថ្មីថា អាល្លឺម៉ង់រីករាយបន្តគាំទ្រហើយត្រៀមខ្លួនជាស្រេចក្នុងការជួយជំរុញការអភិវឌ្ឍដែលឈរលើទំនាក់ទំនងដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដទៃទៀតដែលប្រទេសទាំងពីរអាចធ្វើទៅបាន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសំដែងនូវអំណរគុណជូនចំពោះលោកជំទាវអធិការបតី អាល្លឺម៉ង់ ដែលបានផ្ញើសារអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតផង និងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោផងដែរ។ សម្ដេចតេជោ បានមានប្រសាសន៍ថាល័ក្ខខ័ណ្ឌការងារល្អប្រសើររបស់កម្មករកម្មការិនី គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចតេជោបានជម្រាបផងដែរអំពីការអញ្ជើញចុះទៅជួបប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រងក្រុមហ៊ុន និងជាពិសេសគឺកម្មករកម្មការិនីចំនួន ៨ ម៉ឺននាក់រួចមកហើយ ហើយតាមរយៈជំនួបនេះគឺដើម្បីជំរុញការអនុវត្តកិច្ចគាំពារសង្គមនិងល័ក្ខខ័ណ្ឌការងារនៅតាមរោងចក្រនីមួយៗអោយកាន់តែប្រសើរឡើង ដូចជារោងចក្រត្រូវមានទីកន្លែងនិងផ្តល់អាហារថ្ងៃត្រង់ដល់កម្មករ និងមានគិលានដ្ឋាន និងកន្លែងបំបៅដោះកូន និងផ្តល់លទ្ឋភាពអោយមានការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ។ ចំពោះស្ត្រីក្រោយសម្រាលកូនរួចហើយ គឺនឹងទទួលបានបានទទួលថវិកា ១០០ ដុល្លារ សម្រាប់កូនម្នាក់ ហើយទទួលបានប្រាក់ខែ១២០% ព្រមទាំងបានឈប់សម្រាក៣ខែទៀតផង។ ចំពោះប្រាក់ខែកម្មករប្រចាំឆ្នាំក៏ត្រូវឡើងជារៀងរាល់ឆ្នាំផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរថាក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មីនេះ គឺនឹងបន្តខិតខំធ្វើយ៉ាងណាដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពនយោបាយសង្គម។ កម្ពុជា និងអាល្លឺម៉ង់នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាអោយកាន់តែល្អរឹងមាំថែមទៀតដើម្បីនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕


ចែករំលែក៖