ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប សមាជិកព្រឹទ្ធសភាមកពីរដ្ឋវ៉ាស៊ីនតោន

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃសុក្រ ២រោច ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ដុក អេរិសិន Doug Ericksen សមាជិកព្រឹទ្ធសភា មកពីរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

នៅក្នុងជំនួបនេះ លោក Ericksen បានគោរពជម្រាបជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី​ អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលលោកបានឃើញផ្ទាល់នឹងភ្នែកបើប្រៀបធៀបកាលពី លោកបានមកទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០១៦។ពេលនេះកម្ពុជាអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយនឹងសុខសន្តិភាព ស្ថេរភាពនយោបាយ ហើយលើសពីនោះទៀត គឺប្រជាពលរដ្ឋខ្មែរមានទឹកមុខស្រស់ថ្លា រីករាយ និងមានជីវភាពរស់នៅល្អប្រសើរ។

សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ ក៏បានជម្រាបជូន សម្ដេចតេជោ ផងដែរថា នៅក្នុងថ្ងៃបោះឆ្នោត កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ គឺលោកបានមកចូលរួមសង្កេតការណ៍បោះឆ្នោត ដែលបានឃើញប្រជាពលរដ្ឋខ្មែរជាច្រើនបានទៅបោះឆ្នោតដោយសេរី គ្មានការភិតភ័យ និងគ្មានអំពើហិង្សាអ្វីកើតឡើងឡើយ។ នេះគឺបានឆ្លុះបញ្ចាំងនូវដំណើរការលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដែលពលរដ្ឋគ្រប់រូបមានសិទ្ឋិបោះឆ្នោតជ្រើសតំណាង និងគណបក្សនយោបាយដែលខ្លួនពេញចិត្តស្របតាមបំណងប្រាថ្នារបស់ប្រជាពលគ្រប់ៗរូប។

លោក Ericksen បានចូលរួមអបអរសាទរចំពោះលទ្ឋផលនៃការបោះឆ្នោត ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យកន្លងមកនេះ ព្រមទាំងចូលរួមអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍។ វត្តមាន លោក Ericksen នៅកម្ពុជាពេលនេះ គឺដើម្បីពង្រឹងមិត្តភាព និងពង្រីកទំនាក់ទំនងនិងសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យកាន់តែល្អប្រសើឡើង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងស្វាគមន៍ លោក Doug Ericksen ចំពោះគោលបំណងពង្រឹងកិច្ចទំនាក់ទំនងនិង សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានបញ្ជាក់ថាកម្ពុជារីករាយសហការជាមួយសហរដ្ឋអាមេរិកឡើងវិញ ក្នុងការស្វែងរកអដ្ឋិធាតុ ជនជាតិអាមេរិកាំងដែលបានបាត់ខ្លួននៅក្នុងសម័យសង្គ្រាម។

លោក Doug Ericksen និងតាងនាមអោយក្រុមគ្រួសារជនជាតិអាមេរិក និងរដ្ឋាភិបាលអាមេរិក បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការ និងចូលរួមចំណែកជួយដល់កិច្ចការមនុស្សធម៌ដ៏សំខាន់នេះ៕


ចែករំលែក៖