ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអតីតទីប្រឹក្សានៃអតីតប្រធានាធិបតីបារាំង

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២១ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក Jean-David Levitte អតីតទីប្រឹក្សា នៃអតីតប្រធានាធិបតីបារាំង Jacgues CHIRAC ជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោក Jean-David Levitte បានកោតសរសើរចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ចំពោះសមិទ្ធផលដែលសម្រេចបាន ទាំងឡាយនៅកម្ពុជា រួមទាំងកំណើនសេដ្ឋកិច្ច។ លោកបានឃើញការការលូតលាស់សំណង់អាគារទំនើបៗជាច្រើននៅក្នុងរាជធានីភ្នំពេញ ក្រោយពីសង្គ្រាម និងរបបប្រល័យពូជសាសន៍។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការខិតខំប្រឹងប្រែងរបស់ប្រទេសបារាំង និងឥណ្ឌូនេស៊ី ដែលបានរួមចំណែកក្នុងការរកសន្តិភាពដល់កម្ពុជា។ សម្តេចតេជោ ក៏បានរំលឹកផងដែរ អំពីកិច្ចចរចាររវាង សម្តេចផ្ទាល់ និង ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ដែលចាត់ទុកជាតួអង្គមួយដ៏សំខាន់ នៅក្នុងការស្វែងរកសន្តិភាពនៅប្រទេសកម្ពុជានេះ មុននឹងឈានមកដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ បើគ្មានកិច្ចចរចារពិភាក្សាពីដំបូងនេះទេ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែរ។

គ្មានអ្នកណាអាចវាយតម្លៃត្រូវចំពោះសភាពការណ៍វិវត្តរបស់កម្ពុជាបន្ទាប់ពីប្រទេសមានសន្តិភាពមក សូម្បីតែធនាគារពិភពលោក ប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀត។ បើគ្មានសន្តិភាពទេ គឺនឹងគ្មានការអភិវឌ្ឍឡើង ហើយបើគ្មានការអភិវឌ្ឍទេនោះ ក៏មិនអាចរក្សាសន្តិភាពអោយបានល្អរឹងមាំបានដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបផងដែរអំពីការអញ្ជើញធ្វើដំណើរចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស នៅតាមបណ្តាខេត្តមួយចំនួន ដែលកាលពីពេលថ្មីៗនេះ សម្តេចតេជោ បានអញ្ជើញចុះទៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលជាអតីតសមរភូមិក្តៅខ្មែរក្រហម។ សម្តេចបាន សម្រេចចិត្តមួយដ៏ត្រឹមត្រូវគឺធ្វើសមាហរណកម្មកម្លាំងអតីតខ្មែរក្រហមទាំងអស់អោយចូលមករួមរស់នៅក្នុងសង្គមជាតិវិញ។ មិនត្រឹមតែធ្វើសមាហរណកម្មតែខាងនយោបាយទេ ប៉ុន្តែគឺធ្វើសមាហរណកម្មគ្រប់វិស័យទាំងអស់រួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋផ្លូវជាមូលដ្ឋាន ខ្វាត់ខ្វែង សម្រួលដល់ការធ្វើដំណើរ និងការប្រកបការងារ និងពាណិជ្ជកម្មផ្សេងៗដែលធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធារប្រសើរឡើង។ ទាំងអស់នេះហើយគឺជាការផ្តល់ឱកាស និងចែករំលែកផលប្រយោជន៍ផ្លែផ្កាអំពីការអភិវឌ្ឍអោយបានដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ នៅក្នុងកិច្ចពិភាក្សាព្រឹកមិញនេះ ក៏មានការពិភាក្សាអំពីវិធានការមួយចំនួនក្នុងការទប់ស្កាត់នូវការនាំចូលឱសថ ក្លែងក្លាយចូលមកប្រទេសកម្ពុជាដែលនឹងបង្ករអន្តរាយដល់សុខភាពប្រជាពលរដ្ឋ។ សម្តេចតេជោ បានប្រាប់ទៅក្រសួងជំនាញពាក់ព័ន្ឋដើម្បីរៀបចំសន្និសីទផ្លូវការមួយនៅពេលខាងមុខ ដែលមានការចូលរួមទូលាយពីបណ្តាប្រទេសអាស៊ានផងដែរ៕

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1130177313697431/” width=”600″ height=”400″ onlyvideo=”1″]

312


ចែករំលែក៖