ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ ខេត្តតូចមានប្រជាជនតិចមិនប្រាកដថា ប្រកួតចាញ់ខេត្តធំមានប្រជាជនច្រើននោះទេ «ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១»

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍លើកឡងឡើងថា មិនមែនខេត្តធំ មានប្រជាជនច្រើន សុទ្ធតែខ្លាំងនោះទេ ប៉ុន្តែ ខ្លះតូច មានប្រជាជនតិច តែអាចយកឈ្នះលើខេត្តធំបាន ដូចជាខេត្តព្រះវិហារ នៅឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្តែអាចយកឈ្នះលើកខេត្តកំពតបាន ក្នុងប្រភេទកីឡាបាល់ទះ និងក្រុមកីឡាករខេត្តសៀមរាប បានយកឈ្នះលើក្រុមកីឡាកររាជធានីភ្នំពេញ ក្នុងប្រភេទកីឡាបាល់ទាត់។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏ បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះតារាងលទ្ធផលចំណាត់ថ្នាក់មេដាយ មាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ដែលមានអត្តពលិកមកពី ២៧អង្គភាព ស្ថាប័ន និងខេត្តទូទាំងប្រទេស មានតែខេត្តត្បូងឃ្មុំមួយប៉ុណ្ណោះ ដែលកីឡាករ កីឡាការិនីមិនទទួលបានមេដាយ១សោះ ។ ការលើកឡើងរបស់សម្តេចបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អញ្ជើញចូលរួមពិធីបិទការប្រកួត “កីឡាជាតិលើកទី១ឆ្នាំ២០១៦” កាលពីរាត្រីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិភ្នំពេញ ។

តាមរបាយការណ៍របស់លោក បណ្ឌិត ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា ការប្រកួតកីឡាជាតិលើកទី១នេះ មានអត្តពលិកសរុប២.៧០០នាក់ មានចំនួន១៥ប្រភេទកីឡា ស្មើ១៨៩ វិញ្ញាសា ក្នុងនោះមានកីឡាអត្តពលកម្ម ហែលទឹក ប៉េតង់ បាល់ទាត់ បាល់ទះ បាល់បោះ តេក្វាន់ដូ ចំបាប់ប្រដាល់ ល្បុក្កតោ វាយកូនឃ្លីលើតុ វាយសី វាយកូនបាល់ សូរីនហ្ស៊ីកាំប៉ូ និងកាយសម្ព័ន្ធ ក្រោមកិច្ចសហការគ្នារវាងក្រសួងអប់រំយុវជន និងកីឡាជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអត្តពលិកកីឡាករ-កីឡាការិនីត្រៀមធ្វើម្ចាស់ផ្ទះកីឡាSEA Games ឆ្នាំ២០២៣ ខាងមុខ ។ ឆ្លងកាត់ការប្រកួតរយៈពេល១២ ថ្ងៃ មេដាយចំនួន១.២៤៥ គ្រឿងត្រូវបានបំពាក់ជូនដល់ជ័យលាភីចំនួន ១.២៤៥ មេដាយ ក្នុងនោះមេដាយមាសចំនួន ៣៩៣ មេដាយប្រាក់ចំនួន៣៩៣នាក់ និង សំរឹទ្ធិចំនួន៤៥៤ គ្រឿង ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាជាតិលើកទី១ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យកីឡាកម្ពុជា ដើម្បីអនុវត្តន៍តាមផែនការមេឆ្ពោះទៅរកការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១៦ ក្នុងនោះព្រឹត្តិការណ៍កីឡាបានផ្សាភ្ជាប់ជាមួយវិស័យទេសចរណ៍ ដែលមិនអាចកាត់ផ្តាច់បាន ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ដាស់តឿនដល់លោកអភិបាលខេត្ត និងអភិបាលរងខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកបន្ថែមទៀត លើវិស័យកីឡា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើទី២ ឆ្នាំ២០១៨ បន្តទៀត។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏ថ្លែងការកោតសរសើរចំពោះ កីឡាករកីឡាករ កីឡាការិនី តាមការប្រកួតប្រជែងអស់រយៈពេលជាង១០ថ្ងៃកន្លងមក ដោយសង្កេតឃើញថាកីឡាករ កីឡាការិនី មកពីតាមបណ្តាខេត្តក្រុងទាំងអស់ បានបញ្ចេញអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ គោរពវិន័យ និងក្រឹតក្រមកីឡាបានយ៉ាងល្អ ។

សម្តេច ក៏បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ លទ្ធផលចំណាត់ថ្នាក់មេដាយចំពោះខេត្តត្បូងឃ្មុំ ដែលមានប្រជាជនជិត១លាននាក់ ពុំទទួលបានមេដាយ១សោះ ក្នុងនោះសម្តេចក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុន ស្ថានទូតនានាគូរជ្រើសរើស សហព័ន្ធកីឡាជាតិណាមួយ ដើម្បីចង់សម្ព័ន្ធមេត្រីភាពជាមួយគ្នា ក្នុងគោលបំណងជំរុញ លើកស្ទួយ និងលើកទឹកចិត្ត ឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

សម្តេចតេជោ បានដាសតឿនលោក អភិបាលខេត្តត្បូង អភិបាលខេត្តដទៃៗទៀត ត្រូវយកចិត្តទុកបំផុតកីឡាក្នុងខេត្តរបស់ខ្លួនរៀងៗខ្លួន ធ្វើយ៉ាងណាហ្វឹកហាត់កីឡាឲ្យបាន១ប្រភេទកីឡា ឬគ្រប់ប្រភេទកីឡា ដើម្បីជំរុញលើកទឹកចិត្តឲ្យយុវជនចូលរួមលេងកីឡាបានច្រើន រួចប្រកួតប្រជែងតាមដំណាក់កាលនីមួយៗ សម្រាប់ត្រៀមលក្ខណៈចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ឆ្នាំ២០១៨ខាងមុខបន្តទៀត យកមេដាយឲ្យច្រើន។

សម្តេចក៏បានផ្តាំផ្ញើដល់អភិបាលខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់លើកវិស័យកីឡា ហើយក៏បានកោតសរសើចំពោះថ្នាក់ដឹកនាំខេត្តព្រះវិហារ ដែលជាខេត្តមួយមានប្រជាពលរដ្ឋតិច តែមានកីឡាករកីឡាការិនីមកចូលរួមរហូតដណ្តើមបានមេដាយយកទៅជូនខេត្តរបស់ខ្លួនវិញ ។

សម្តេចបានគូសបញ្ជាក់ថា មិនមែនមានន័យថា ខេត្តធំ មានប្រជាជនច្រើនសុទ្ធតែខ្លាំងនោះទេ ប៉ុន្តែខេត្តតូចក៏អាចយកឈ្នះលើខេត្តធំបានដែរ ប្រសិនមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្តនោះ ៕ សារីម

ae-1 ae-2 ae-3 ae-4

ae ae-5


ចែករំលែក៖