ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាយូដូជិតរស់ឡើងវិញក្រោយ NOCC ព្យួរបេក្ខភាពមិនឲ្យធ្វើសកម្មភាពកន្លងមក

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងគួរឲ្យទុកចិត្តបានថា សហព័ន្ធកីឡាយូដូកម្ពុជាដែលត្រូវគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្យូរបេក្ខភាព មិនឲ្យធ្វើសកម្មភាពអស់មួយរយៈពេលខ្លីកន្លងមកនោះស្រាប់តែពេលថ្មីៗនេះមានការបែកធ្លាយព័ត៌មានមួយចំនួនថា សហព័ន្ធដែលធ្លាប់មានប្រជាបិ្រយភាពនេះគ្រោងប្រកាសដំណើរការឡើងវិញនៅមុនឆ្នាំ ២០១៨ខាងមុខនេះ ។

ប្រភពព័ត៌មានពីមន្ត្រីទ្រទ្រង់សហព័ន្ធកីឡាយូដូកម្ពុជាម្នាក់បានបង្ហើបឲ្យដឹងថា សហព័ន្ធទទួលបានការឯកភាពពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរួចអស់ហើយនៅចាំតែថ្ងៃធ្វើមហាសន្និបាតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំឲ្យសហព័ន្ធអាចដំណើរការឡើងវិញប៉ុណ្ណោះ។ចំពោះរចនាសម្ព័ន្ធថ្មីបាន ត្រៀមរួចជាស្រេចហើយអ្វីដែលយើងរង់ចាំ គឺពេលវេលាប៉ុណ្ណោះយើងនឹងអាចដំណើរការអភិវឌ្ឍវិស័យកីឡាយូដូឲ្យមានសក្តានុពលតាមផែនការអភិវឌ្ឍន៍ច្បាស់លាស់និងលម្អិតក្នុងការដឹកនាំ ។

ប្រភពព័ត៌មានដដែលនេះបានបន្តថា មូលហេតុដែលសហព័ន្ធកីឡាយូដូត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកព្យួរមិនឲ្យ ដំណើរការកន្លងមកនេះ ដោយសារសហព័ន្ធពុំមានផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍព្រមទាំងមានរឿងអាស្រូវកើតឡើង តួយ៉ាងដូចជាអគ្គលេខាធិការមិនមានអ្នកកាន់តំណែង គឺតំណែងខ្មោចអគ្គលេខាធិការរងមានអ្នកកាន់តែមិនត្រូវបានគេកោះហៅឲ្យចូលរួមប្រជុំ ឬដឹងពីសកម្មភាពពាក់ព័ន្ធនឹងកីឡាយូដូនេះទេ ។ អ្វីដែលពិសេស នោះ គឺមើលក្នុងលក្ខន្តិកៈនៅក្នុងរបាយ ការណ៍ប្រចាំខែប្រចាំឆ្នាំមានគ្រប់គ្រាន់ទាំងអស់គ្រាន់តែរបាយការណ៍ខ្យល់បំភ្លើសបំផ្លៃ ការពិតដល់ថ្នាក់ដឹកនាំប៉ុណ្ណោះ ។

ឆ្លើយតបនឹងកិច្ចដំណើរការឡើងវិញ របស់សហ័ន្ធកីឡាយូដូកម្ពុជានេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់ភ្នាក់ងារ យកព័ត៌មានកាសែតនគរវត្តនាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៧ថា សហព័ន្ធកីឡា យូដូនឹងចាប់ដំណើរការឡើងវិញ ប៉ុន្តែមិនទាន់ច្បាស់ថាធ្វើសន្និបាតថ្ងៃណាឲ្យពិតប្រាកដនោះទេ រង់ចាំប្រជុំគណៈកម្មការ ប្រតិបត្តិថ្មីសហព័ន្ធកីឡាយូដូនាព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧នេះសិន៕ សារីម


ចែករំលែក៖