ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកចង់បង្កើតប្រទេសថ្មីនៅក្នុងប្រទេសស៊ីរី ក្រោមការដឹកនាំរបស់ទីក្រុងវ៉ាស៊ីនតោន

ចែករំលែក៖

សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី គួរណាស់តែបញ្ចប់ជាច្រើនឆ្នាំមកហើយ ប្រសិនបើរដ្ឋាភិបាលរបស់លោកអាល់ អាសាដ ព្រមចុះចេញពីតំណែង ហើយ ផ្តល់ការដឹកនាំប្រទេសទៅឲ្យក្រុមប្រឆាំង ដែលស្និទ្ធអាមេរិក ។ ប៉ុន្តែដោយសារតែ លោកអាលអាសាដ មានការប្តេជ្ញាខ្ពស់ នឹងស្នើឲ្យ មហាអំណាចយោធាក្នុងតំបន់ គឺរុស្ស៊ី ចូលរួមបានបំផ្លាញគម្រោងគ្រប់ គ្រងស៊ីរីរបស់អាមេរិក ។ទាំងនោះហើយទើបអាមេរិកមិនអាចផ្តួលរំលំរដ្ឋាភិបាលស៊ីរីបាន ដោយត្រូវអនុវត្តគោលនយោ បាយ បែងចែកទឹកដី បង្កើតប្រទេសស្ថិតនៅក្រោមបញ្ជារបស់អាមេរិក ។

កន្លងមកថ្មីៗ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្គេយ៍ ឡាវរ៉ូវ បានបញ្ជាក់ថា វត្តមានខុសច្បាប់របស់កម្លាំងទាហានអាមេ រិកនៅក្នុងទឹកដីស៊ីរី គឺជាហេតុផល ធ្វើឲ្យសង្គ្រាមនៅក្នុងប្រទេសនេះមិនអាចឈានដល់ទីបញ្ចប់ ។ទីក្រុងវ៉ាស៊ីនតោនកំពុងតែ បង្កើតទៅជាប្រទេសមួយទៀតនៅតំបន់ឆ្នេរទន្លេ Euphrates ។

ការលើកឡើងខាងលើរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកLavrov គឺនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី១២ខែតុលា ។ តាមការលើកឡើងរបស់លោកLavrovសង្គ្រាមស៊ីវិលអូសបន្លាយជាង៧ឆ្នាំកន្លងមកនៅ ក្នុងប្រទេសស៊ីរី អាចនឹងបញ្ចប់បាននៅ ពេលដែលពលរដ្ឋស៊ីរីវិលត្រឡប់មកគ្រប់គ្រងទឹកដីរបស់ខ្លួនវិញ ហើយភាគីដែល ចូលរួមនៅក្នុងសង្គ្រាម ពិសេសគឺកម្លាំង ទាហានដែល មិនទទួលបានការស្វាគមន៍ពីរដ្ឋាភិបាលទីក្រុង ដាម៉ាកាស ត្រូវតែចាក ចេញពីទឹកដីស៊ីរី ទើប ប្រទេសនេះមានសន្តិ ភាព ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីមិនបាន បញ្ជាក់ចំឈ្មោះទាហានប្រទេសណានោះឡើយ ប៉ុន្តែអ្វីដែលលោកឡើងនោះគឺ សំដៅទៅលើអាមេ រិក។

លោកឡាវរ៉ូវ បញ្ជាក់ទៀតថា «នៅ តំបន់ ឆ្នេរទន្លេ Euphrates ភាគខាងកើត កំពុងតែមានវត្តមានកម្លាំងទាហានដែល មិនអាចទទួលយកបាន ។អាមេរិកកំពុងតែព្យាយាមជួយដល់ក្រុមនោះក្នុងការបង្កើតទៅជាប្រទេសដែលភាគច្រើនជាក្រុមជនជាតិឃើដ»។

លោកបន្តទៀតថា ទីក្រុងវ៉ាស៊ីនតោនមានចេតនាបង្កើតប្រទេសស្ថិតនៅក្រោមការគ្រប់គ្រង របស់ខ្លួននៅទីនោះ ដោយ ផ្តល់ជំនួយជាច្រើន ហើយថែមទាំង អំពាវនាវឲ្យជនភៀសខ្លួនវិលត្រឡប់មករស់នៅក្នុងតំបន់នោះទៀតផង។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា គោលនយោបាយបែប នេះរបស់អាមេរិក នឹងមិនទទួលបាននូវ ផលប្រយោជន៍ បញ្ចប់ទៅដោយជោគជ័យ នោះឡើយ។

មានជីវិតមនុស្សជាង១៨.០០០នាក់ ក្នុងនោះជិត៨ពាន់នាក់ជាជនស៊ីវិលបានស្លាប់ នៅក្នុងប្រតិបត្តិការយោធារុស្ស៊ី គិតចាប់តាំងពីរុស្ស៊ីចូលធ្វើអន្តរាគមន៍យោធានៅស៊ីរី ជួយរដ្ឋាភិបាលលោកបាសា អាល់ អាសាដ នៅឆ្នាំ២០១៥មក។ នេះបើតាមការអះអាងរបស់អង្គការសង្កេតការណ៍ សិទ្ធិមនុស្សនៅស៊ីរី OSDH កាលពីថ្ងៃ អាទិត្យទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដោយបញ្ជាក់ថាចំនួនសរុបនៃជនរងគ្រោះបាត់ បង់ជីវិតនៅស៊ីរី បានកើនឡើងដល់ជាង ៣៦ម៉ឺននាក់ បើគិតតាំងពីវិបត្តិស៊ីរីបានផ្ទុះឡើងមក។

បើតាមនាយកអង្គការអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានបញ្ជាក់ថា ប្រតិបត្តិ ការរុស្ស៊ីនៅស៊ីរី ពីខែកញ្ញា២០១៥ដល់ ខែកញ្ញា២០១៨ បានផ្តាច់ជីវិតមនុស្សអស់ ១៨.០៩៦នាក់ ក្នុងនោះ ៥.២៣៣នាក់ជាពួកជីហាដរដ្ឋអ៊ិស្លាម, ៤៨៧៥នាក់ជាយុទ្ធជនប្រដាប់អាវុធនៃក្រុមចលនាឧទ្ទាម អ៊ិស្លាមជ្រុលនិយម និងជីហាដ និង ៧.៩៨៨ នាក់ ពោលគឺ ៤៤%នៃអ្នកស្លាប់សរុប ជា ជនស៊ីវិល។

ជាសសរទ្រូងរបស់រដ្ឋាភិបាលទីក្រុងដាម៉ាស រុស្ស៊ីដែលបានសម្រេចចូលធ្វើអន្តរាគមន៍យោធានៅស៊ីរី នៅថ្ងៃទី ៣០កញ្ញា ២០១៥ តែងបដិសេធជារហូតមកថាមិនដែលដៅការវាយប្រហារ លើជនស៊ីវិល ទេ។ វត្តមានរបស់រុស្ស៊ីនេះបានប្តូរស្ថាន ការណ៍យោធាយ៉ាងខ្លាំង ! មុនអន្តរាគមន៍ របបលោកបាសា អាល់អាសាដគ្រប់គ្រងប្រទេសតែប្រមាណ២៦% ទល់នឹងពួករដ្ឋ អ៊ិស្លាមជាង៥២%។ តែថ្ងៃនេះកងកម្លាំង រដ្ឋាភិបាលស៊ីរី ត្រួតត្រាដែនដីពីរភាគបី ឯរដ្ឋអ៊ិស្លាម រលាយស្ទើរបាត់អស់រលីង ពីប្រទេស ដោយសារកម្លាំងរវាយប្រហារ របស់កងទ័ពសម្ពន្ធមិត្តរុស្ស៊ីផង និងការ វាយប្រហាររបស់សម្ពន្ធមិត្តអន្តរជាតិដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន និងជំនួយកង ទ័ពអារ៉ាប់គួដផង។ ចំណែកពួកឧទ្ទាម ក៏បាត់កម្លាំងនិងបាត់ទីតាំងចុងក្រោយរបស់ខ្លួននៅភាគខាងត្បូងប្រទេសកាលពីខែមុន ហើយនៅសេសសល់ផ្តុំគ្នាច្រើនតែក្នុងខេត្តអ៊ីឡិប ភាគពាយ័ព្យប្រទេស។

ក្រៅអំពីអន្តរាគមន៍យោធា រុស្ស៊ីក៏ សកម្មខ្លាំងខាងផ្នែកការទូតផងដែរ ដោយបានប្រើសិទ្ធិវេតូប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិចំនួន១២លើក គិតចាប់តាំងវិបត្តិស៊ីរីផ្ទុះឡើងនៅឆ្នាំ ២០១១។ រុស្ស៊ីក៏បានផ្តួចផ្តើមបើកផ្លូវ ចរចាអន្តរស៊ីរី នៅហ្សឺណែវក្រោមម្លប់អង្គការស.អ.ប. និងចរចាឱ្យក្រុមឧទ្ទាមតូចៗមួយចំនួនព្រមចុះចូល ប្រគល់ដែនដីគ្រប់គ្រងមកឱ្យរដ្ឋាភិបាលលោកអាសាដ ដោយមិនឆ្លងកាត់អាវុធ។

កាលពីថ្ងៃទី ១៧ កញ្ញា រុស្ស៊ីបានចុះ កិច្ចព្រមព្រៀងជាមួយទួរគី បង្កើតតំបន់គ្មានកងទ័ពនៅថ្ងៃទី១៥តុលា ទទួលយក ដោយក្រុមឧទ្ទាមទាំងឡាយផង និងពួក ជីហាតដផង ហើយថែមទាំងអាចបញ្ជៀសគម្រោងការវាយប្រហារយោធាទ្រង់ទ្រាយបានទៀត។ នៅថ្ងៃនេះពួកឧទ្ទាមមួយក្រុមធំដំបូង បានចាប់ផ្តើមដកទ័ព អាវុធយុទ្ធ ភណ្ឌធុនធ្ងន់ ស្របតាមកិច្ចព្រមព្រៀង ហើយ។ នេះបើតាមបញ្ជាក់របស់នាយក អង្គការដដែល។

ផ្ទុះឡើងនៅឆ្នាំ២០១១ ដោយការ បង្ក្រាបចលនាបាតុកម្ម វិបត្តិស៊ីរី បានអូសបន្លាយនិងកាន់តែស្មុគស្មាញឡើងទៅ តាមពេលវេលា។ វិបត្តិនេះបានសម្លាប់ជីវិតមនុស្សអស់សរុបជាង៣៦ម៉ឺនាក់និងជនផ្លាស់ទី ភៀសខ្លួន រាប់លាននាក់៕ ម៉ែវ សាធី


ចែករំលែក៖