ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញក្នុងដីស្រែមួយកន្លែងដោយសភាពស្អុយរលួយ

ចែករំលែក៖

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់ក្នុងវាលស្រែមួយកន្លែងដោយមានសភាពស្អុយរលួយបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងដីភូមិ ត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា សាកសពបុរសម្នាក់ដែលគេប្រទះឃើញពុំទាន់ស្គាល់អត្ដសញ្ញាណ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ស្លៀកខោខូវប៊យ ពណ៌សជើងវែង ពាក់អាវក្រណាត់ដៃវែងផ្កា ពណ៌ក្រហម ខៀវ ស ធ្មេញលើធំ២ ធ្មេញក្រោមល្អិត មានកម្ពស់១,៥០ម៉ែត្រ ។ ដកហូតវត្ថុតាង៖ មួក១ ពណ៌ក្រឡាការ៉ូ ស ខ្មៅ ,ខ្សែក្រវ៉ាត់១ ពណ៌ ស ក្រហម និងនៅក្នុងហោប៉ៅខោខាងមុខមានកូនសោរ១ ។

ប្រភពដដែលបន្ដថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញសាកនៅចំណុចវាលស្រែ ភ្លាមនោះកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង បានចុះធ្វើការពិនិត្យនិងហ៊ំព័ទ្ធកន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងនគរបាលនៃការិយាលបច្ចេកទេសនិងវិទ្យាសាស្រ្ដ ,គ្រូពេទ្យ បានពិនិត្យឃើញថា ៖ សាកសពជនរងគ្រោះស្លាប់នៅជាប់ភ្លឺស្រែក្បាលមកទិសខាងលិច ជើងមកខាងកើត មានដីនៅពីលើ ,សាកសពមានសភាពស្អុយរលួយនិងស្រាំលលាដ៍ក្បាលសងខាងប៉ះនិងវត្ថុរឹង និងថ្គាមខាងឆ្វេងមានស្នាមប្រេះ ។

បន្ទាប់ពីធ្វើការពិនិត្យចប់ មន្រ្ដីជំនាញបានបញ្ជាក់ថា សាកសពជនរងគ្រោះស្លាប់ដោយករណីឃាតកម្ម ។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនដៃដល់មកចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖