ព័ត៌មានទាន់ហេតុការណ៍៖

សារដើមឆ្នាំរបស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនចង្អុលចំលើមុខអាមេរិក

ចែករំលែក៖

ឆ្នាំ២០១៧ កន្លងមក ដែលជាឆ្នាំមួយត្រូវបានគេចាត់ទុកថា មានភាពតានតឹងបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមត្រជាក់ ដោយការប្រឈមមុខដាក់គ្នា សង្គ្រាមពាក្យសម្តីបានផ្ទុះឡើងរវាង ប្រធានាធិបតីអាមេរិក នឹងកូរ៉េខាងជើង ។ ប៉ុន្តែនៅឆ្នាំ២០១៨នេះ ភាពតានតឹងនៅតែបន្តដដែល ហើយអាចខ្លាំងជាងមុនទៅទៀត ។

នៅថ្ងៃដំបូងនៃឆ្នាំ២០១៨ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានអានសារជូនពរពលរដ្ឋ មិនតែប៉ុណ្ណោះ ក៏បានគំរាមកំហែងអាមេរិកថា «ទឹកដីអាមេរិកស្ថិតនៅក្នុងគោលដៅវាយប្រហារដោយបរមាណូពីកូរ៉េខាងជើង »។ សារដើមឆ្នាំ២០១៨ របស់លោកគីម ជុងអ៊ុន ត្រូវបានផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ Chosun។

សកម្មភាពខាងលើរបស់កូរ៉េខាងជើង គឺជាការបញ្ជាក់ថា កូរ៉េខាងជើង ជាប្រទេសបរមាណូ ក្រោយពេលបច្ចេកវិទ្យាមីស៊ីល និងបរមាណូឈានដល់កម្រិតកំពូល មិនចាញ់មហាអំណាចអាមេរិក រុស្ស៊ី និងចិននោះឡើយ។

មេដឹកនាំគីម ជុងអ៊ុនបញ្ជាក់ថា«អាមេរិក នឹងមិនហានផ្តើមសង្គ្រាមជាមួយខ្ញុំ និងកូរ៉េខាងជើងនោះឡើយ ក្រោយពេលកូរ៉េខាងជើង បានសម្រេចការកសាង បរមាណូយុទ្ធសាស្ត្រ សម្រាប់វាយប្រហារនៅក្នុងសង្គ្រាម។

មេដឹកនាំកូរ៉េខាងជើង បានប្រកាសទៀតថា កុងតាក់បរមាណូ គឺស្ថិតនៅលើតុធ្វើការជានិច្ច ហើយនឹងចុច វាបើសន្តិសុខកូរ៉េខាងជើងរងការគំរាមកំហែងនោះ។

ក្រៅពីនេះ មេដឹកនាំកូរ៉េខាងជើង បាន បញ្ជាក់ពីជោគជ័យនៅក្នុងវិស័យសេដ្ឋកិច្ចប្រទេសនេះ ជួយដល់ការរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរថែមទៀត ។ ក្រៅពីនេះ លោកក៏បានបង្ហាញពីការប្តេជ្ញាថា ទីក្រុងព្យុងយ៉ាងនឹងធ្វើតេសសាកល្បង មីស៊ីលឆ្លងទ្វីបជាច្រើនទៀត។

សុន្ទរកថាដើមឆ្នាំរបស់មេដឹកនាំគីម ជុងអ៊ុន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពលរដ្ឋកូរ៉េខាងត្បូង ថា តើមេដឹកនាំកូរ៉េខាងជើងមានបំណងចង់ផ្សះផ្សាទំនាក់ទំនង ឬធ្វើភាពតានតឹងថយចុះវិញ ។

ក្រៅពីការចង់ពិភាក្សាគ្នាជាមួយកូរ៉េខាងត្បូង ជុំវិញការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ២០១៨ នៅទឹកដីកូរ៉េខាងត្បូងនោះ ប្រទេសកូរ៉េខាងជើង ដែលមានប្រមុខដឹកនាំកំពូលផុតលេខ គឺលោក គីម ជុងអ៊ុន ថែមទាំងបានអំពាវនាវឲ្យក្រុមជំនាញទាំងអស់ក្នុងប្រទេសរបស់លោកបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ជាលក្ខណៈទ្រង់ទ្រាយធំតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៨។

លោក គីម ជុងអ៊ុន ត្រូវបានសារព័ត៌មានកូរ៉េខាងត្បូងមួយ ដកស្រង់សម្តីយ៉ាងដូច្នេះថា «វាអាចទៅរួច ដែលយើងត្រូវធ្វើការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលផ្លោង ដើម្បីធ្វើការដាក់ពង្រាយជាលក្ខណៈទ្រង់ទ្រាយធំ។ កូរ៉េខាងជើងអាចទប់ទល់នឹងការវាយប្រហារដោយនុយក្លេអ៊ែរគ្រប់ទម្រង់ពីសហរដ្ឋអាមេរិក ហើយសមត្ថភាពនុយក្លេអ៊ែររបស់យើង គឺឥតដែនកំណត់ឡើង ដែលអាចការពារប្រទេសយើង កុំឲ្យអាមេរិកមកប្រឡែងលេងនឹងដុំភ្លើង»។

គួរបញ្ជាក់ថា នៅមុនការលើកឡើងអំពីការបង្កើតផលិតកម្ម នៃអាវុធនុយក្លេអ៊ែរនេះ លោក គីម ក៏បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ ដូចគេឯងនៅលើសកលលោកផងដែរ ប៉ុន្តែក្នុងនោះអ្វីដែលគ្រប់គ្នាគិតថា ជាចំណុចវិជ្ជមានថ្មីបំផុត គឺមេដឹកនាំវ័យក្មេងរូបនេះ បានបង្ហាញឆន្ទៈក្នុងការបើកកិច្ចពិភាក្សា ជាមួយកូរ៉េខាងត្បូងទៅលើការប្រកួតកីឡាអូឡាំពិករដូវរងារ ដែលនឹងប្រារព្ធធ្វើឡើងនៅកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៨នេះ ហើយដែលកូរ៉េខាងជើង ក៏ទទួលបានសំបុត្រអញ្ជើញក្នុងការចូលរួមផងដែរនោះ៕ ម៉ែវ សាធី


ចែករំលែក៖