ព័ត៌មានទាន់ហេតុការណ៍៖

សារព័ត៌មានកូរ៉េខាងត្បូង៖ ទាហានការពារវិមាន គីម ជុងអ៊ុន ភៀសខ្លួនចេញពីទីក្រុងព្យុងយ៉ាង

ចែករំលែក៖

សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ទាហានកូរ៉េខាងជើងម្នាក់ដែលយាមនៅវិមានរស់នៅរបស់មេដឹកនាំ គីម ជុងអ៊ុន បានភៀសខ្លួនចេញពីប្រទេស។

សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា «ទាហានមួយរូបដែលបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញដើម្បីការពារវិមានរស់នៅរបស់មេដឹកនាំ គីម ជុងអ៊ុន នៅទីក្រុង Sinuiju ខេត្ត Pyongan ភាគខាងជើងបានឆ្លងទន្លេ Amnok រត់ភៀសខ្លួន ទៅក្រៅប្រទេសកាលពីថ្ងៃទី១០ ខែមិថុនា។ ព័ត៌មានខាងលើត្រូវបានលោក Peter Jung ដែលជាអាចារ្យ និងជាប្រធានអង្គការ(យុត្តិធម៌សម្រាប់កូរ៉េខាងជើង)បញ្ជាក់ឲ្យដឹងថា ទាហានរូបនេះបានរត់ភៀសខ្លួនកាលពីថ្ងៃហ្វឹកហាត់លើកទី២៥ ស្តីពីយុទ្ធសាស្ត្រការពារវិមានមេដឹកនាំ គីម ជុងអ៊ុន។ ពេលនេះទាហានរូបនោះមានសុវត្ថិភាពនៅក្នុងផ្ទះមួយនៃទឹកដីចិនរង់ចាំធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង។ ការសម្រេចរត់ភៀសខ្លួនចេញពីកូរ៉េខាងជើងដោយសារតែទាហានរូបនេះធ្លាប់ចូលរួមជាមួយវប្បធម៌កូរ៉េខាងត្បូងមុនពេលចូលរួមកម្លាំងទាហានកូរ៉េខាងជើង។ បើទោះបីកម្លាំងការពារវិមានមេដឹកនាំមានភាពល្អប្រសើរជាងក្តី ក៏ទាហានខាងលើនៅតែសម្រេចចិត្តចាកចេញដែរ។

នៅពេលនេះគេមិនទាន់បានជួបទាហានខាងលើនៅឡើយទេ ដោយរង់ចាំទៅដល់ទឹកដីកូរ៉េខាងត្បូងសិន។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការសម្រេចចិត្តរបស់ទាហានខាងលើអាចជាក្តីបារម្ភខ្លាចអាមេរិកវាយប្រហារទៅលើទីតាំងរបស់មេដឹកនាំ គីម ជុងអ៊ុន ពិសេសទីកន្លែងរស់នៅតែម្តង។

នៅពេលនេះដែរ អាមេរិកបានគំរាមកំហែងថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបញ្ចប់កម្មវិធីបរមាណូរបស់កូរេខាងជើង ដែលបានគំរាមកំហែងវាយប្រហារទឹកដីអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖