ព័ត៌មានទាន់ហេតុការណ៍៖

សារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ជូនពរឆ្នាំសកលថ្មី ២០១៩

អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមឆ្លងឆ្នាំសកលកាលពីយប់មិញនៅ វិមាន ឈ្នះ ឈ្នះ ប្រកប ដោយបរិយាកាសសប្បាយរីករាយក្រៃលែង ជាពិសេស ការអុជកាំជ្រួចរយៈពេលជាង៥០នាទីដើម្បីអបអរសាទរឆ្នាំសកលថ្មី២០១៩។ ខ្ញុំនិងភរិយា ពិតជារំភើបនឹងមានកិត្តិយសក្រៃលែង ដែលបានចូលរួមអបអរសាទរដោយផ្ទាល់ជាមួយបងប្អូនដែលមកពីគ្រប់ទិសទី។

ខ្ញុំសុំអរគុណដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ សិល្បៈករ សិល្បការិនី ម្ចាស់ឧបត្ថម្ភ និងដៃគូពាក់ព័ន្ឋទាំងអស់ ដែលបានចូលរួមរៀបចំចាត់ចែងនៅក្នុងថ្ងៃឆ្លងឆ្នាំសកលកាលពីយប់មិញប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ សុំអរគុណដល់ក្រសួងការពារជាតិ ក្រុមហ៊ុនលីយ៉ុងផាត់ សប្បុរសជន និងដៃគូពាក់ព័ន្ឋទាំងអស់ដែលបានចូលរួមក្នុងការកសាងវិមាន ឈ្នះ ឈ្នះ និងបានជួយរៀបចំសម្ពោធជាផ្លូវការ ដើម្បីអបអរសាទរខួបលើកទី២០ នៃនយោបាយ ឈ្នះ ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០១៨) ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនឥតឈប់ឈរមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះដែរ អរគុណបងប្អូនជនរួមជាតិ ដែលបានលះបង់គ្រប់យ៉ាងចូលរួមថែរក្សា ការពារសន្តិភាព ដើម្បីប្រទេសយើងកាន់តែមានឱកាសអភិវឌ្ឍអោយកាន់តែរីកចម្រើនទៅមុខជាបន្តទៀត។

នៅក្នុងឆ្នាំសកលថ្មី ២០១៩ នេះ ខ្ញុំនិងភរិយា សូមប្រគេនពរព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ជាពិសេស ដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន សូមទទួលនូវពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕


ចែករំលែក៖