ព័ត៌មានទាន់ហេតុការណ៍៖

សាលមហោស្រព NABA នៅណាហ្គាទី ២បានរៀបចំតន្ត្រីឆ្លងឆ្នាំដ៏មហស្ចារ្យដើម្បីស្វាគមន៍ឆ្នាំ ២០១៩!

ចែករំលែក៖

ភ្នំពេញ, ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ៖ ទស្សនិកជនរាប់ពាន់នាក់ បានមកជួបជុំគ្នានៅមណ្ឌលកម្សាន្តចម្រុះណាហ្គាវើលដ៍ និងទស្សនាមហាព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនៅក្នុងសាលមហោស្រព NABA ដែលជាសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។

តន្ត្រីឆ្លងឆ្នាំដ៏មហស្ចារ្យនេះ ចូលរួមសម្តែងដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលគាត់បានធ្វើឲ្យទស្សនិកជនប្រមាណ ២.០០០ នាក់ជាមួយបទចម្រៀងដ៏ពេញនិយមជាច្រើនបទ រួមមាន “ខ្ញុំជាខ្មែរ” “មាន់ស្រែបន្លែស្រស់” និង “តោះរាំ” ។ មិនតែប៉ុណ្ណោះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានផ្តល់នូវបទចម្រៀងពីរោះៗជាច្រើនបទ ខណៈតារាដែលទើបនឹងរះ កញ្ញា “តី” ក៏បានធ្វើឲ្យទស្សនិកជនហ៊ោខ្លាំងៗផងដែរ។

ការបញ្ចាំងភ្លើង ៣៦០ ដឺក្រេលម្អឆាកតន្ត្រីនៅក្នុងសាលមហោស្រព NABA និងការសម្តែងដ៏រស់រវើករបស់តារាសម្តែងប្រចាំណាហ្គាវើលដ៍ បានធ្វើឲ្យបរិយាកាសឆ្លងឆ្នាំកាន់តែអស្ចារ្យ និងមិនអាចបំភ្លេចបាន ខណៈការដើរបង្ហាញម៉ូដដោយកញ្ញាឯកកម្ពុជាឆ្នាំ ២០១៨ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ បានធ្វើឲ្យទស្សនិកជនសរសើរមិនដាច់ពីមាត់។ បរិយាកាសដ៏រីករាយ បានឈានមកដល់នៅពេលដែលវិនាទីទីមួយក្នុងឆ្នាំ ២០១៩ បានមកដល់ដោយមានការបាញ់កម្ទេចក្រណាត់ភ្លឺផ្លេកៗដ៏ស្រស់ស្អាតទៅលើឆាកតន្ត្រី ការបញ្ចាំងកាំជ្រួចឌីជីថលនៅលើផ្ទាំងក្រណាត់សនៅក្រោយឆាក និងសំឡេងទះដៃអបអរពីទស្សនិកជនទាំងអស់។

ណាហ្គាវើលដ៍ មានដំណឹងល្អជាច្រើនទៀតសម្រាប់ផ្តល់ជូនដល់ពុកម៉ែបងប្អូន និងសាធារណជនទូទៅនោះគឺ “ការសម្តែងសិល្បៈនៃក្តីស្រឡាញ់” ពីថ្ងៃទី ២ កុម្ភៈ ដល់ថ្ងៃទី ៣ មីនា។ ចូលទស្សនាឥតគិតថ្លៃសម្រាប់គ្រប់វ័យ ចាប់ផ្តើមពីម៉ោង ៨ យប់ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ។ ជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់មានសុភមង្គល សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំ ២០១៩ និងឆ្នាំបន្តបន្ទាប់!

អត្ថបទ៖ ស ដារា

មហាព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំនៅសាលមហោស្រព NABA របស់ណាហ្គាវើលដ៍

ព្រាប សុវត្ថិ សម្តែងនៅសាលមហោស្រព NABA

ទិដ្ឋភាពដ៏មហស្ចារ្យនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា

៣..២..១.. សួស្តីឆ្នាំថ្មីពីណាហ្គាវើលដ៍!

 


ចែករំលែក៖