ព័ត៌មានទាន់ហេតុការណ៍៖

សាលា ប៊ែលធី អន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) សម្ពោធជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ប៊ែលធីគ្រុបទាំងអស់បានប្រារព្ធពិធីសូត្រមន្តបើកឲ្យដំណើរការសាលា ប៊ែលធីអន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង)ដែលស្ថិតនៅអគារលេខ៧៧A ផ្លូវវេងស្រេង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនិងលោកស្រី ។

អគារប៊ែលធីទី១៦នេះ មានកម្ពស់ ០៥ជាន់ ក្នុងនោះជាន់ក្រោមដី គឺជាចំណត និងមាន ៨២បន្ទប់ ព្រមទាំងមានខ្លោងទ្វារដែលជាអត្តសញ្ញាណរបស់ប៊ែលធីផងដែរ។ សាលា ប៊ែលធី អន្តរជាតិទី១៦នេះក៏មានកម្មវិធីសិក្សាធំៗចំនួន ០៥ ដូចសាខាដទៃទៀតផងដែរ ដូចជា៖
១- ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១-១២)
២- ថ្នាក់ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត)
៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស
៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ
៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL & IELTS)

សាលាប៊ែលធី អន្តរជាតិ បានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន០៧លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖
១.កម្មវិធីបង្កើនចំណេះដឹងទូទៅ
២.កម្មវិធីពង្រឹងស្មារតី
៣.កម្មវិធីទស្សនកិច្ចសិក្សា
៤.កម្មវិធីសិក្សាតាមទូរទស្សន៍
៥.កម្មវិធីប្រឡងសំណេរ
៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក លី ឆេង ក៏បានសម្តែងការកោតសរសើរ និងការអបអរសាទរចំពោះសិស្សសាលាប៊ែលធី អន្តរជាតិទាំងអស់ សរុបចំនួន ១១៥៤នាក់ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៥-២០១៦ និងបានប្រឡងជាប់ចំនួន ៩៦៤នាក់ស្មើនឹង៨៣.៥៣ភាគរយ និងបានប្រឡងជាប់និទ្ទេសAចំនួន ២០នាក់ជាពិសេស លោក បានកោតសរសើរចំពោះសិស្សឈ្មោះ កាំង ស៊ីញលីសិស្សសាលា ប៊ែលធី អន្តរជាតិទី៥ ដែលទទួលបាន និទ្ទេសAលេខ១ក្នុងចំណោមសិស្សនិទ្ទេសAសរុបចំនួន ៤០៥នាក់ ដែលមានលំដាប់ពិន្ទុ ១០០.០០ភាគរយ ខ្ពស់ជាងគេទូទាំងប្រទេសផងដែរ ។

លោក ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា អាណាព្យាបាល និស្សិត និងសិស្សានុសិស្ស ទាំងអស់ដែលតែងតែគាំទ្រនិងមានទំនុកចិត្តជឿជាក់មកលើសាលាប៊ែលធី អន្តរជាតិព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានីមួយៗ ដែលធ្វើអោយសិស្សានុសិស្សសាលាប៊ែលធី អន្តរជាតិទាំងអស់ ទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។

ជាទីបញ្ចប់ លោកបានប្រកាសបើកឲ្យដំណើរការជាផ្លូវការនូវសាលាប៊ែលធីអន្តរជាតិទី១៦(សាខាផ្លូវកោងវេងស្រេង) ចាប់ពីថ្ងៃនេះតទៅ ៕ ស រស្មី

img_3271 img_3265 img_3250 img_3243 img_3241 img_3238 img_3236 img_3235 img_3273


ចែករំលែក៖