ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធីថ្នាក់ទី៩ និងទី១១ ចំនួន ២.៧៧៩ នាក់ បានចូលរួមកម្មវិធី បង្កើនចំណេះដឹងទូទៅ តាមរយៈការសិក្សា “ទស្សនទានព្រះពុទ្ធសាសនា”

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សាលាប៊ែលធី អន្តរជាតិ បានប្រារព្ធ ពិធី បង្កើនចំណេះដឹងទូទៅ តាមរយៈការសិក្សា “ទស្សនទានព្រះពុទ្ធសាសនា” ជូនដល់សិស្ស ថ្នាក់ទី៩ ចំនួន ២.៧៧៩នាក់ ដែលមកពី ១៩សាខានៃសាលាប៊ែលធី អន្តរជាតិ ដែលមាន ព្រះគ្រូ ខៀវ ម៉ាលីន ព្រះលេខាធិការអនុគណខណ្ឌចំការមន និងជាព្រះលេខាធិការវត្តមហាមន្ត្រី ជាធម្មកថិកនិមន្តមកសម្តែងធម៌នាពេលនេះ។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ថា៖ ដើម្បីពង្រឹងគុណភាពអប់រំសម្រាប់សិស្សចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ក៏ដូចជា ដើម្បីឲ្យប្អូនៗ សិស្សានុសិស្សទទួលបានចំណេះដឹងបន្ថែមទៀត សាលា ក៏បានបង្កើត និងបញ្ចូលកម្មវិធី សំខាន់ៗ ទាំង៨ រួមមាន៖

១-កម្មវិធីបង្កើនចំណេះដឹងទូទៅ (ក-សិស្សថ្នាក់ទី៩ សិក្សាពីទស្សនទានព្រះពុទ្ធសាសនា ខ-ថ្នាក់ទី១០ សិក្សាពីសុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក គ-ថ្នាក់ទី១១ សិក្សាពីការយល់ដឹងពីគ្រឿងញៀន និងជម្ងឺអេដស៍ និង ឃ-ថ្នាក់ទី១២ សិក្សាពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម)

២-កម្មវិធីពង្រឹងស្មារតី(ក-កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ ខ-កម្មវិធីប្រកួតប្រជែងនិយាយ

ភាសាអង់គ្លេស និង គ-វេទិកាជជែកពិភាក្សាជាសាធារណៈ)

៣-កម្មវិធីទស្សនកិច្ចសិក្សា(តាមតំបន់ទេសចរណ៍ និង តំបន់ប្រវត្តិសាស្រ្តនានា ទាំងក្នុង និងក្រៅប្រទេស)

៤-កម្មវិធិសិក្សាតាមទូរទស្សន៍(សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ)

៥-កម្មវិធីប្រឡងសំណេរ(សិស្សចេះស្ទាត់ក្នងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ថ្នាក់ធំ)

៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា(សិស្សមានភាពស្ទាត់ និងមានភាពរហ័សក្នុងការគិតលេខ)

៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ(ផ្តល់ឱ្យសិស្សបានបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដែលមានតាំងពីកំណើត)

៨-កម្មវិធីកីឡា(សិស្សទទួលបានសុខភាពល្អ មានមេត្រីភាព និងសាមគ្គីភាព)។ ហើយក្នុងឆ្នាំសិក្សានេះ សាលាកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ សាលាក៏បានបន្តបើកថ្នាក់បំប៉នបន្ថែម និងថ្នាក់ពិសេស សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ផងដែរ។

ក្នុងឱកាសនោះផងដែរ ព្រះគ្រូ ខៀវ ម៉ាលីន បានមានសង្ឃដីកាថា៖ ព្រះតេជគុណ និមន្តមកសម្តែងធម៌នាពេលនេះ ដើម្បីឲ្យសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ បានយល់ដឹងពីព្រះធម៌ និងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបញ្ជ្រាបព្រះពុទ្ធឱវាទដល់សិស្សានុសិស្សឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ពិសេសអប់រំពង្រឹងសីលធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គមឲ្យជៀសផុតពីការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើអនាចារ ការរំលោភសេពសន្ថវៈ យល់ដឹងពីបញ្ហាសុខភាព និងជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើង។ ជាពិសេស យុវជន យុវនារី កុមារា កុមារី ឲ្យប្រព្រឹត្តតែអំពើល្អ និងខិតខំរៀនសូត្រ ដើម្បីក្លាយទៅជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទៅថ្ងៃអនាគត ៕ សរស្មី


ចែករំលែក៖