ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធី ២,១៨៥នាក់ ចូលរួមកម្មវិធីប្រកួតប្រជែងសំណេរភាសាអង់គ្លេស លើកទី៣

ចែករំលែក៖

ភ្នំពេញ៖ រសៀល ថ្ងៃ ទី២៦ ខែ តុលា ឆ្នាំ ២០១៨ សា លា ប៊ែល ធី អន្តរ ជាតិ បានរៀបចំ កម្មវិធីប្រកួតប្រជែងសំណេរភាសាអង់គ្លេសលើកទី៣ (The 3rd English Writing Contest Program) នៅសាលសហសិក្សា នៃ សាលា ប៊ែល ធី អន្តរ ជាតិទី៩ (សាខាស្ទឹងមានជ័យ) ក្រោម អ ធិប តី ភាព លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជា អគ្គនាយក ប៊ែលធី គ្រុប។

តាមរបាយការណ៍ លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេស (ESL) បានឱ្យដឹងថា៖ បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ២១សាខា ក្នុងនោះ ១៩សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៤០,៥៦១នាក់។

គោលបំណងនៃការប្រកួតសំណេរភាសាអង់គ្លេសគឺធ្វើឲ្យសិស្សានុសិស្សមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាព ថ្នឹកដៃក្នុងការសរសេរភាសាអង់គ្លេស និងអាចចូលរួមប្រកួតប្រជែងសំណេរជាលក្ខណៈអន្តរជាតិ។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ (ESL Program) ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសុទ្ធតែមុខវិជ្ជាទំនើបៗ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។

ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជាៈ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ដើម្បីធ្វើឲ្យសិស្សមានគំនិតថ្មីៗ មានភាពក្លាហាន ហ៊ានបញ្ចេញយោបល់ ចេះវែកញែក ។ នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុតេស្តអន្តរជាតិ អាយអែល (IELTS) យ៉ាងតិច 5.5 ឡើងទៅ ដែលអាចដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសបានយ៉ាងងាយ។

ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ បានថ្លែងនូវការកោតសរសើរចំពោះប្អូនៗ ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានជយលាភីនាពេលនេះ។

លោក លី ប៊ុនឆៃ ក៏បានបន្ថែមទៀតថាសិស្សដែលសិក្សាភាសាអង់គ្លេសទាំងអស់ នៅពេលបញ្ចប់កម្រិតទី១២ (Level 12) សាលានឹងរៀបចំឲ្យប្រឡងតេស្តអន្តរជាតិ អាយអែល (IELTS) ហើយសិស្សដែលទទួលបានពិន្ទុ ចាប់ពី 6.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែល ធី អន្តរ ជាតិ រយៈពេល ៤ឆ្នាំ ចំណែកឯសិស្ស ដែលទទួលបានពិន្ទុ ចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេសផងដែរ។

ដោយឡែក សាកលវិទ្យាល័យ ប៊ែល ធី អន្តរ ជាតិ ក៏មានកម្មវិធីសិក្សាជាភាសាជាតិ និង អន្តរជាតិ ដែលកម្មវិធីសិក្សា អន្តរជាតិ គឺបង្រៀនផ្តោតទៅលើភាសាអង់គ្លេស ១០០% ជាកម្រិតអន្តរជាតិ ដើម្បីធ្វើឲ្យសិស្សមានទំនាក់ទំនងគ្នា ពីសាលា រហូតដល់ សាកលវិទ្យាល័យ នៅថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សាកលវិទ្យាល័យ ក៏បានបើកកម្មវិធីសិក្សាជា ភាសាជាតិ ដោយបង្រៀនជា ពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតប៊ែលធី

ទទួលបាននូវចំណេះដឹង ទាំងភាសាជាតិ និងអន្តរជាតិ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការទំនាក់ទំនងរវាងជាតិ និងអន្តរជាតិ ដែលជាឱកាសក្នុងការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនដោយជោគជ័យ និងក្លាយជាសហគ្រិនភាពដ៏ល្បីក្នុងពេលអនាគត។

ជាទីបញ្ចប់ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជ័យលាភី កម្រិតទី៥ ទី៨ ទី១១និងទី១២ ចំនួន ១២នាក់ ផងដែរ ៕ ស រស្មី


ចែករំលែក៖