ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធី Level 12 ចំនួន ៧២៤នាក់ ទទួលវិញ្ញាបនបត្រភាសាអង់គ្លេស

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 12 ជំនាន់ទី៤៥ ដល់ទី៤៩ ចំនួន ៧២៤នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី ។

លោកលី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១ សាខា ក្នុងនោះ ២០សាខា កំពុងដំណើរការនិង០១សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សាជាង ៤២.០១២នាក់ ។ ដោយឡែកសិស្សភាសាអង់គ្លេស Level 12 ដែលបានប្រឡងបញ្ចប់ទាំង ៤៩ជំនាន់មានចំនួន ៦១៩៧ នាក់។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ(ESL Program) ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសុទ្ធតែមុខវិជ្ជាទំនើបៗ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជាៈ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ដើម្បីធ្វើឲ្យសិស្សមានគំនិតថ្មីៗ មានភាពក្លាហាន ហ៊ានបញ្ចេញយោបល់ ចេះវែកញែក ។នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុតេស្តអន្តរជាតិ អាយអែល(IELTS) យ៉ាងតិច 5.5 ឡើងទៅ ដែលអាចដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសបានយ៉ាងងាយ។

ក្នុងឱកាសនោះផងដែរ លោក បណ្ឌិត លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។

លោកបណ្ឌិតក៏បានបន្ថែមទៀតថាសិស្សដែលសិក្សាភាសាអង់គ្លេសទាំងអស់ នៅពេលបញ្ចប់កម្រិតទី១២ (Level 12) សាលានឹងរៀបចំឲ្យប្រឡងតេស្តអន្តរជាតិ អាយអែល (IELTS)ហើយសិស្សដែលទទួលបានពិន្ទុ ចាប់ពី 6.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រយៈពេល ៤ឆ្នាំ ចំណែកឯសិស្ស ដែលទទួលបានពិន្ទុ ចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេស ផងដែរ។ ចំពោះសិស្សដែលទទួលបានពិន្ទុចាប់ពី 6.5 ដល់7.០ ប៉ុន្តែកំពុងសិក្សាថ្នាក់ចំណេះទូទៅ នៅសាលា ប៊ែលធី អន្តរជាតិគ្រប់កម្រិតថ្នាក់ នឹងទទួលបានអាហារូបករណ៍៥០% សម្រាប់សិក្សាថ្នាក់ចំណេះទូទៅរហូតចប់ថ្នាក់ទី១២។ ចំណែកឯសិស្សដែលទទួលបានពិន្ទុចាប់ពី 7.5ឡើងទៅ នឹងទទួលបានអាហារូបករណ៍១០០% សម្រាប់សិក្សាថ្នាក់ចំណេះទូទៅរហូតចប់ថ្នាក់ទី១២។

លោកបណ្ឌិត ក៏បានបន្ថែមទៀតថា៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏មានកម្មវិធីសិក្សាជាភាសាជាតិ និង អន្តរជាតិ ដែលកម្មវិធីសិក្សា អន្តរជាតិ គឺបង្រៀនផ្តោតទៅលើភាសាអង់គ្លេស ១០០% ជាកម្រិតអន្តរជាតិ ដើម្បីធ្វើឲ្យសិស្សមានទំនាក់ទំនងគ្នា ពីសាលា រហូតដល់ សាកលវិទ្យាល័យ នៅថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ សាកលវិទ្យាល័យ ក៏បានបើកកម្មវិធីសិក្សាជា ភាសាជាតិ ដោយបង្រៀនជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតប៊ែលធី ទទួលបាននូវចំណេះដឹង និងជំនាញច្បាស់លាស់ ព្រមទាំងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការទំនាក់ទំនងរវាងជាតិ និងអន្តរជាតិ ដែលជាឱកាសក្នុងការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនដោយជោគជ័យ និងក្លាយជាសហគ្រិនភាពដ៏ល្បីក្នុងពេលអនាគត។ បន្ទាប់មកឯកឧត្តម បណ្ឌិត ប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្សជ័យលាភីទាំង ៧២៤នាក់ នាពេលនោះផងដែរ។

សូមបញ្ជាក់ថា សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ទីតាំងប៊ែលធី ទាំង ២០សាខា ថ្នាក់ចំណេះទូទៅ ឆមាសទី២ និង ថ្នាក់ភាសាអង់គ្លេស វគ្គថ្មីចូលរៀនថ្ងៃទី ០៤ មីនា ២០១៩ បង់ថ្លៃសិក្សា ១វគ្គ ផ្តល់ជូន សៀវភៅគូល័រច្បាប់ដើម ១ឈុត ផងដែរ ៕ ស រស្មី


ចែករំលែក៖