ព័ត៌មានទាន់ហេតុការណ៍៖

សុខ ជំនោរ ភ្ជាប់ពាក្យជាមួយនារីស្រស់សោភាម្នាក់ក្រោយបែកសុគន្ធ នីសា ៧ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេល៧ឆ្នាំហើយ ដែលកវីនិពន្ធ ខកស្នេហ៍ សុខ ជំនោរ បានចែកផ្លូវគ្នាដើរជាមួយតារាចម្រៀងសុគន្ធ នីសា ។ កាលពីថ្ងៃទី៦ខែសីហានេះលោកបានសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការជាមួយនារីស្រស់សោភាម្នាក់ហើយ។

លោក សុខ ជំនោរ និងតារាចម្រៀង សុគន្ធ នីសាបានបែកគ្នាក្នុងអំឡុងឆ្នាំ២០១០ក្រោយពីពួកគេបានភ្ជាប់ចំណងស្នេហ៍ចាប់តាំងពីឆ្នាំ២០០៤ម្ល៉េះគឺនៅពេលពួកគេធ្វើការក្នុងផលិតកម្មរស្មីស្ទឹងសង្កែជាមួយគ្នា។ ក្រោយចែកផ្លូវគ្នាព្រោះហេតុផលមិនចុះសម្រុងនឹងគ្នា ពួកគេបានបែងចែកទ្រព្យសម្បត្តិដែលបានពួកគេដាក់រួមគ្នាដោយសន្តិវិធី។ ទោះជាយ៉ាងណា ក្រោយបែកគ្នា សុគន្ធ នីសា នៅមិនទាន់មានដំណឹងស្នេហាថ្មីណាមួយនៅឡើយគ្រាដែលល្បីថានាងមានបុរសមានទ្រព្យតាមស្នេហ៍ជាច្រើននោះ។

ចុងក្រោយសុខ ជំនោរ បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈលើកដំបូងនៅថ្ងៃទី៦ ខែសីហា នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងជាថ្ងៃដែលលោក ភ្ជាប់ពាក្យជាផ្លូវការផងដែរ។ អនាគតភរិយារបស់លោកត្រូវបានគេស្គាល់ថាឈ្មោះ ស្រី សុរង្សីដែលមានវ័យ២៦ឆ្នាំ ជាអាជីវករ ប៉ុន្តែមានសម្រស់មិនចាញ់តារាសម្តែងប៉ុន្មានទេ។ មានអ្នកសរសើរពីសម្រស់គូដណ្តឹង សុខ ជំនោរ ថាស្រស់សោភា មិនចាញ់តារាសម្តែងឡើយ ហើយក៏មានវ័យក្មេង ផងដែរ។

ប្រភពពីអ្នកសិល្បៈបានលើកឡើងថា ចំណងស្នេហ៍កវីសុខ ជំនោរ និងគូដណ្តឹងគឺបានកើតឡើងជាច្រើនឆ្នាំមកហើយ គឺក្រោយពេលលោក សុខ ជំនោរ បែកពីសុគន្ធ នីសាបានប៉ុន្មានឆ្នាំ។ ប្រភពបន្តថា គូដណ្តឹងរូបនេះក៏ជាអ្នកជួយព្យាបាលរបួសផ្លូវចិត្តរបស់ សុខ ជំនោរផងដែរ។ យូរៗម្តងគេឃើញលោក សុខ ជំនោរនាំគូដណ្តឹងទៅមើលការដឹកនាំការសម្តែងម្តងហើយពួកគេពិតជាស្រលាញ់ និងមានអនុស្សាវរីយផ្អែមល្ហែមជាមួយគ្នាច្រើន។ ពួកគេសម្រេចចិត្តចូលរោងការជាជាផ្លូវការតាមទំនៀមទម្លាប់ខ្មែរនៅចុងឆ្នាំនេះហើយ៕ វឌ្ឍនា


ចែករំលែក៖