ព័ត៌មានទាន់ហេតុការណ៍៖

សុខ សោម៉ាវត្តី ត្រូវជ្រើសរើសជាតារាឆ្នើមប្រចាំឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ ការបង្ហាញវត្តមានក្នុងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់ បូករួមទាំងភាពជោគជ័យខ្លាំង ក្នុងអាជីពជាតារាសម្តែង បានធ្វើឲ្យ សុខ សោម៉ាវត្តីទទួលបានឱកាសក្លាយជាតារាស្រីល្បីឆ្នើមប្រចាំឆ្នាំ២០១៦។ការជ្រើសរើសជាតារាឆ្នើមប្រចាំឆ្នាំ២០១៦នេះ ត្រូវបានធ្វើឡើងដោយរោងភាពយន្តលេជេនព្រោះតែខ្សែភាពយន្តរបស់នាងទទួលបានការគាំទ្រច្រើនកាលពីពេលកន្លងមក ។

មានខ្សែភាពយន្តខ្នាតធំជាច្រើន បានជ្រើសររើសតារាសម្តែងស្រី សុខ សោម៉ាវត្តី ជាតួឯកក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ។ រឿងដែលនាងចូលរួមសម្តែង ក៏ត្រូវបានគេកត់សម្គាល់ដែរថា អាចស្រូបបានចំនួនអ្នកចូលទស្សនាច្រើនផងដែរ។

កញ្ញា គុយ កែវមរកតបុគ្គលិកប្រតិបត្តិផ្នែកទីផ្សាររបស់រោងភាពយន្តលេជេនបានបញ្ជាក់ថា ការសម្រេចចិត្តជ្រើសរើសអ្នកនាង សុខ សោម៉ាវត្តីជា តារាសម្តែងឆ្នើមប្រចាំ២០១៦នេះ គឺឆ្លងតាមរយៈការសង្កេតឃើញពីស្នាដៃលេចធ្លោររបស់នាង កាលពីពេលកន្លងមកក្នុងការសម្តែងខ្សែភាពយន្ត។ កញ្ញា បន្តថា ក្នុងចំណោមខ្សែភាពយន្តចំនួន៧ដែលរកបានចំណូលខ្ពស់ជាងគេ នៅរោងភាពយន្តលេជេន គឺមានខ្សែភាពយន្តដែលមានវត្តមានអ្នកនាង សុខ សោម៉ាវត្តី សម្តែងចំនួន៤រឿងរួចទៅហើយ។ កញ្ញា បញ្ជាក់ដែរថា សុខ សោម៉ាវត្តីសាកសមនឹងទទួលបានតំណែងនេះ បើទោះបីជាមិនមានការបោះឆ្នោតណាមួយក៏ដោយហើយ តារាស្រីខាងលើនឹងទទួលបានប័ណ្ណកិត្តិយសពីរោងភាពយន្តលេជេន នៅថ្ងៃប្រារព្វពិធីព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦ (Movies of The Years 2016) ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៦នេះ នៅរោងភាពយន្តលេជេនសាខាទួលគោក។

តារាសម្តែងសុខ សោម៉ាវត្តីបានសម្តែងនូវអារម្មណ៍រំភើបរីករាយ ក្រោយពីទទួលដំណឹងថា នាងទទួលបានការជ្រើសរើសពីរោងភាពយន្តលេជេនជាតារាសម្តែងឆ្នើមប្រចាំឆ្នាំ២០១៦នេះ ហើយវាគឺជាកិត្តិយសដ៏ធំធេងសម្រាប់នាង។ នាងបញ្ជាក់ដែរថា ក្នុងចំណោមខ្សែភាពយន្តលេចធ្លោរចំនួន៧រឿងប្រចាំឆ្នាំ២០១៦គឺមានខ្សែភាពយន្ត៤រឿងដែលនាងបានសម្តែងជាតួឯកមានដូចជារឿងរឿង “សិស្សប្អូនសំណព្វចិត្ត” របស់ផលិតកម្មរ៉ក (Rock) , ខ្សែភាពយន្តរឿង កំពូលអ្នកសុំទានជួបស្នេហ៍ ខ្សែភាពយន្តរឿងទង់ព្រលឹងរបស់ផលិតកម្មរ៉េដ (RED Picture) និងរឿង “អ្នកនាងម្ចាស់ឡឺកឺ” របស់ផលិតកម្មមហាហង្ស។ ទោះជាយ៉ាងណាតារាស្រីរូបនេះលើកឡើងថា នាងនិងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបម្រើអារម្មណ៍ទស្សនិកជន និងអ្នកគាំទ្រ។

គួរបញ្ជាក់ដែរថា កម្មវិធីព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦ (Movies of The Years 2016) ជាកម្មវិធីជួយជំរុញលើកកម្ពស់ការផ្សព្វផ្សាយវិស័យខ្សែភាពយន្តនៅកម្ពុជានិងបង្កើតបរិយាកាសទំនាក់ទំនងរវាងអ្នកពាក់ព័ន្ធ នឹងវិស័យភាពយន្តនៅកម្ពុជា។ ក្រុមហ៊ុននិងផលិតកម្មចំនួន៨នឹងត្រូវបានអញ្ជើញឲ្យចូលរួម តារាសម្តែង ក្នុងខ្សែភាពយន្តល្បីៗប្រចាំឆ្នាំនេះ ប្រមាណជិត២០០នាក់ ក៏នឹងត្រូវបានអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ខាងលើនេះផងដែរ៕ វឌ្ឍនា

unnamed-1 unnamed


ចែករំលែក៖