ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយម្តាយមិនបាន ទាញដំបងដែកវាយម្តាយ និងប្អូនស្រី របួស ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនយកទៅសួរនាំបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ម្តាយយុវជនរូបនោះក្រោយពីប្រើហិង្សាយកដំបងដែកវាយមកលើម្តាយ និងប្អូនស្រីព្រោះតែសុំលុយមិនបាន ។

ហេតុការណ៍មួយនេះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះជួលភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីជាម្តាយមានឈ្មោះ ឈាង ចិន្ថា អាយុ៥០ឆ្នាំស្នាក់នៅកន្លែងកើតហេតុមានមុខរបរអ្នកលាងកែវកាហ្វេ និងប្អូនស្រីសុំមិនបញ្ចេញឈ្មោះ ។ ចំណែកជនបង្កដែលជាកូនរូបនោះមានឈ្មោះ ជុំ សៅ លី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាកម្មករសំណង់ហើយនិងរើសអេតចាយ ។ តាមសម្តីជាម្តាយរងគ្រោះខាងលើបានរៀបរាប់ ទាំងទឹកភ្នែកថា នៅមុនកើតហេតុកូនរបស់គាត់រូបនោះបានជាកម្មករសំណង់ បានលុយចំនួន២៣ម៉ឺនរៀល ហើយឲ្យទៅម្តាយចំនួន១៣ម៉ឺនរៀលកាលពីមុនបោះឆ្នោត ។

ស្រ្តីខាងលើបានបន្តទៀតថា បន្ទាប់ពីឲ្យលុយមកលើរូបហើយនោះ យុវជនដែលជាកូនតែងតែសុំលុយពីគាត់វិញម្តង ២ពាន់រៀល ៣ពាន់រៀល ទាំងព្រឹក ទាំងថ្ងៃ ទាំងល្ងាច យកទៅហូបបាយស្រូប ផឹកកាហ្វេ និងលេងខ្លាឃ្លោក ជារៀងរាល់ថ្ងៃ រាល់ពេលដែលយុវជនរូបនោះ សុំត្រូវតែអោយជាដាច់ខាត បើសិនជាមិនអោយម្តងណានោះ យុវជននោះ នឹងរករឿងបោកចានបោកឆ្នាំងចោលខ្ទេច ។

ស្រ្តីខាងលើបានបន្តថា ខណៈមកដល់វេលាម៉ោងកើតហេតុខាងលើបានសុំលុយ២ពាន់រៀលផឹកកាហ្វេ តែគាត់ពុំមានលុយអោយរហូតយុវជនរូបនោះបានរករឿង និងវាយដំទៅលើប្អូនស្រីវាយផង ធាក់ផង ទាត់ផងបណ្តាលឲ្យរងរបួសពេញខ្លួន ខណៈឃើញដូចនោះ ស្រ្តីជាម្តាយក៏បានចូលទៅឃាត់ក៏ត្រូវកូនប្រុសរបស់ខ្លួនយកដំបងដែកវាយចំក្បាល បណ្តាលឲ្យរបួសបែកក្បាលបន្ថែមទៀត បន្ថែមលើសពីនោះយុវជនរូបនេះ បានគុំរាមម្តាយមិនឲ្យទៅប្តឹងនគរបាលឡើយ បើហ៊ានប្តឹង នឹងសម្លាប់ម្តាយចោលតែម្តង ។

ក្រោយកើតហេតុស្រ្តីរងគ្រោះជាម្តាយដោយមានការភ័យខ្លាចទ្រាំលេងបាន គាត់បានសម្រេចចិត្តរត់មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ២ ឲ្យជួយអន្តរាគមន៍តាមផ្លូវចាប់ ។ ក្រោយពេលទទួលដំណឹងនេះ ភ្លាមកម្លាំងនគរបាលបានចុះទៅ ចាប់វាយខ្នោះជនសង្ស័យខាងលើនោះភ្លាមៗដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖