ព័ត៌មានទាន់ហេតុការណ៍៖

សេដ្ឋីកាតារជួលយន្តហោះ៦០គ្រឿង ដឹកគោយកទឹកដោះ ៤.០០០ក្បាល មកជួយពលរដ្ឋ

ចែករំលែក៖

តាមគម្រោងគោយកទឹកដោះប្រមាណ ៤.០០០ក្បាល នឹងត្រូវដឹកតាមជើងហោះហើរចំនួន៦០ មកប្រទេសកាតារ ជួយដល់ពលរដ្ឋទប់ស្កាត់កង្វះស្បៀងអាហារ។

សេដ្ឋីអ្នកជំនួញកាតាឈ្មោះ Moutaz Al Khayat បានឲ្យដឹងថា ការដែលដឹកជញ្ជូនគោដល់ទៅ៤.០០០ក្បាលដោយ ក្នុង១ក្បាលៗមានទម្ងន់ដល់ទៅ៥៩០គីឡូក្រាម គឺត្រូវការយន្តហោះដល់ទៅ៦០គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ។ មហាសេដ្ឋីខាងលើបានបញ្ជាក់ថា នេះជាពេលវេលាដែលត្រូវជួយដល់ពលរដ្ឋការតា។

ប្រទេសឈូងសមុទ្រតូចមួយនេះ កំពុងតែរងការដាក់គំនាបពីប្រទេសសាឌីអារ៉ាប៊ី អារ៉ាប់រួម អេហ្សីប និងបារ៉ែន ហើយបានកាត់ផ្តាច់ទំនាក់ទំនងការបរទេស និងសេដ្ឋកិច្ចជាមួយកាតា ដោយចោទប្រកាន់ប្រទេសនេះជួយដល់ក្រុមភេរវកម្ម។

ច្រកផ្លូវគោកដ៏សំខាន់ជាប់ជាមួយអារ៉ាបីសាអូឌិត ក៏ត្រូវបានបិទធ្វើឲ្យប្រព័ន្ធផ្គត់ផ្គងស្បៀងអាហារដល់ប្រទេសកាតា រងផលប៉ះពាល់យ៉ាងខ្លាំង។

ដើម្បីបញ្ចៀសវិបត្តិខ្វះស្បៀងអាហារប្រទេសតួគីបានបញ្ជូនស្បៀងអាហារតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍កាតា ទៅជួយបំពេញកង្វះរបស់ពលរដ្ឋកាតាផងដែរ។ ក្រៅពីនេះនៅមានប្រទេសអុីរ៉ង់ ម៉ារ៉ុក រុស្ស៊ី ក៏បានសន្យាបញ្ជូនស្បៀងអាហារទៅកាន់ប្រទេសកាតានោះដែរ។

កាតាពឹងផ្អែកទៅលើស្បៀងអាហារនាំចូលពីក្រៅប្រទេសស្ទើរតែទាំងស្រុង ហើយការផ្តាច់ទំនាក់ទំនងប្រទេសជាប់ព្រំដែន ជាផលលំបាកយ៉ាងខ្លាំងដល់ប្រទេសកាតា។

ហេតុការណ៍ទាំងនោះហើយទើបសេដ្ឋី Moutaz ជាប្រធានក្រុមហ៊ុន Power International Holding ដែលមានកសិដ្ឋានចិញ្ចឹមសត្វនៅចម្ងាយពីទីក្រុង Doha ប្រមាណ៥០គីឡូម៉ែត្រ បានអនុវត្តិគម្រោងវិស័យកសិកម្មនៅលើផ្ទៃដីរាំងស្ងួត ដែលជាផ្នែកមួយនៃទស្សនវិស័យរបស់រដ្ឋាភិបាលដល់ឆ្នាំ២០៣០។

សេដ្ឋីអ្នកជំនួញខាងលើបានសម្រេចទិញគោយកទឹកដោះប្រភេទ Holstein មកចិញ្ចឹមនៅក្នុងកសិដ្ឋានរបស់ខ្លួន។ តាមគម្រោងការផលិតទឹកដោះគោស្រស់នឹងត្រូវចាប់ផ្តើមនៅចុងខែមិថុនានេះ ដើម្បីបំពេញតម្រូវការទឹកដោះគោឆៅនៅក្នុងប្រទេសនេះបាន១ភាគ៣ផងដែរ។ ផលិតផលទឹកដោះគោស្រស និងទឹកដោះគោជូពិតជាចាំបាច់ខ្លាំងបំផុតនៅពេលដែលកាតាឈានចូលថ្ងៃបុណ្យ Eid Al Adha។

បុណ្យ Eid Al Adha មានរយៈពេល៣ថ្ងៃ ត្រូវបានសាសនិកអ៊ិស្លាមនៅជុំវិញពិភពលោករៀបចំឡើងដើម្បីគោរពដល់លោក Abraham ដែលបានគោរពទៅតាមសំណើររបស់ព្រះជាម្ចាស់ប្រគល់កូនប្រុស Ishmael សម្រាប់បូជា ប៉ុន្តែព្រះជាម្ចាសបានអន្តរគមន៍ដោយយកសត្វពពែសម្រាប់បូជាជំនួសវិញ។

ការដឹកជញ្ជូនគោទឹកដោះ៤.០០០ក្បាលពីអូស្ត្រាលី និងអាមេរិកទៅកាន់កាតា នឹងត្រូវចំណាយប្រាក់អស់៨លានដុល្លារ។

កន្លងមកអុីរ៉ង រុស្ស៊ី និងទួរគី ក៏បានបញ្ជូនយន្តហោះដឹកស្បៀងអាហារជាច្រើនទៅកាន់ប្រទេសកាតាផងដែរ ដើម្បីបញ្ចៀសកង្វះស្បៀងអាហារនៅក្នុងប្រទេសនេះ៕ ម៉ែវ សាធី


ចែករំលែក៖