ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿងក្រុមជនឆបោកប្រាក់ជាង១លានដុល្លារកំពុងអង្រួនសាលាដំបូងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សំណុំរឿងដ៏ក្តៅគគុក មួយពាក់ព័ន្ធជនឆបោកមួយក្រុមដែលមានរៀបចំផែនការ និងយុទ្ធសាស្ត្រច្បាស់លាស់ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បំបែកបានដោយឃាត់ខ្លួនជនសង្ស័យ៧នាក់បញ្ជូនទៅកាន់តុលាការដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។

ក៏ប៉ុន្តែសំណុំរឿងមួយនេះ កំពុងកើតមានភាពចម្រូងសម្រាសយ៉ាងក្តៅគគុករវាងសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់នឹងអ្នករត់ការការពារក្រុមជនសង្ស័យដើម្បីបាននៅក្រៅឃុំ និងមានអាថ៌កំបាំងមិនប្រក្រតីជាច្រើនទៀតរហូតរង្គោះរង្គើដល់ស្ថាប័នតុលាការ។

ពាក់ព័ន្ធរឿងឆបោកប្រាក់ជាង១លានដុល្លារដ៏ចម្រូងងចម្រាសនេះ លោកឧត្តម សេនីយ៍ ញ៉ែម សៅ ស្នងការរងទទួលផែន សន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ មិនបានធ្វើអត្ថាធិប្បាយអ្វីវែងឆ្ងាយនោះទេ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា«ភាពចម្រូងចម្រាសក្នុងករណីបំបែកសំណុំក្រុមឆបោកលុយដ៏ច្រើនសន្ធឹក សន្ធាប់នេះ ផ្ទុះឡើងដោយសារតែសាច់ ឯងប៉ុណ្ណោះ»។

សូមរម្លឹកថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៨ កន្លងមកនេះ មេខ្លោង និងអ្នក ពាក់ព័ន្ធក្នុងសំណុំរឿងប្រើល្បិចរៀបចំ ផែនការ និងយុទ្ធសាស្ត្របោកប្រាស់អ្នករកស៊ីចងការប្រាក់ប្រមូលលុយបានប្រមាណជាង១លានដុល្លារនោះត្រូវបានកម្លាំងជំនាញ ទទួលផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនជាបន្ត បន្ទាប់បាន៧នាក់រួមមាន ៖

១-ឈ្មោះ ភឿង សុភ័ន ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅភូមិព្រះខែឃុំកាហែង ស្រុកសំរោងទង បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំហាងខារ៉ាអូខេរស្មីអង្គរ ជាមេខ្លោងមាន មុខរបរ ជាអ្នករកស៊ីចងការប្រាក់និងផ្ដល់ សេវាបង់ផ្ដាច់តាមធនាគារ ។

២-ឈ្មោះ នី វណ្ណារី ភេទស្រី អាយុ៣១ ឆ្នាំ មានទីលំនៅភូមិផ្សារគីឡូលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ជាមេខ្លោង។

៣-ឈ្មោះ ភឿង ចាន់ឌី ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រះស្រែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នករួមគំនិតក្នុងអំពើឆបោក (ដើរតួជាអ្នកខ្ចីប្រាក់កូនបំណុលជាបងបង្កើតឈ្មោះភឿង សុភ័ន)។

៤-ឈ្មោះ អ៊ូច សុភា ភេទស្រី អាយុ ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្តាន់រោយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ត កណ្តាល អ្នករួមគំនិតក្នុងអំពើឆបោក ។

៥-ឈ្មោះ ស៊ឹម លាប ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នករួម គំនិតក្នុងអំពើឆបោក ។

៦-ឈ្មោះ ប៉ែន ស្រីមាន ភេទស្រី អាយុ ៥២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មី សង្កាត់ ផ្សារដីហុយ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ រួមគំនិតក្នុងអំពើឆបោក ។

៧-ឈ្មោះ ផូ ថេង ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិរកាជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកផ្តល់ មធ្យោបាយ (សមគំនិត អ្នករត់កង់បី)។

នគរបាលបានឲ្យដឹងថា កម្លាំងជំនាញ ផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកបច្ចេកទេសស៊ើបអង្កេតដើម្បីឈានដល់ការបំបែក សំណុំរឿងករណីឆបោកប្រាក់ជាប្រព័ន្ធ ដែលមានលក្ខណៈអង្គការចាត់តាំងច្បាស់លាស់ក្នុងការធ្វើទំនាក់ទំនងជាមួយម្ចាស់ បំណុល និងភ្នាក់ងារផ្នែកកម្ចីឥណទាន (CO) ក្លែងក្លាយ ហើយចាត់តាំងមនុស្សឲ្យធ្វើជាកូនបំណុលដែលត្រូវខ្ចីប្រាក់ដើម្បី យកទៅបង់ផ្ដាច់នៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនផ្សេងៗ ។

មន្រ្តីនគរបាលសន្តិសុខនិយាយថា អ្នក ពាក់ព័ន្ធ២នាក់ទៀត តាំងខ្លួនជាភ្នាក់ងារផ្តល់ កម្ចីរបស់ធនាគារ កំពុងគេចខ្លួនហើយសមត្ថ កិច្ចកំពុងតាមប្រមាញ់បន្តទៀត ។

ក្រុមជនឆបោកប្រាក់ដែលរៀបផែន ការបានយ៉ាងល្អឥត ខ្ចោះទាំង៧នាក់គឺក្រោមការបញ្ជារបស់ឈ្មោះ ភឿង សុភ័ន និងឈ្មោះ នី វណ្ណារី រៀបចំផែនការធ្វើការទំនាក់ទំនងជាមួយអ្នកមានប្រាក់ និងអ្នកមានមុខរបររកស៊ីចងការប្រាក់ឯកជន។

ក្រោយពីការទំនាក់ទំនងតាមផែនការ រួចឈ្មោះ ភឿង សុភ័ន និងឈ្មោះ នី វណ្ណារី បានរៀបចំឲ្យអ្នកនៅក្រោមបញ្ជាទៅជួបជាមួយនឹងម្ចាស់ប្រាក់ដើម្បីទទួលប្រាក់។ ករណីនេះខាងម្ចាស់ប្រាក់ចង់ដឹងថា នៅខ្វះលុយប៉ុន្មាន?នៅក្នុងស្ថាប័នធនាគារឯក ជនមួយណា?អ្នកណាជាអ្នកកាន់ឯកសារកូនបំណុល និងបានឲ្យលេខទូរស័ព្ទភ្នាក់ងារផ្តល់កម្ចី (CO) ក្លែងក្លាយ ទៅដល់ម្ចាស់ ប្រាក់ទាក់ទងសួរនាំអំពីសាច់ប្រាក់របស់ អតិថិជនដែលចង់ខ្ចីបង់ផ្ដាច់និងការផ្ដល់ កម្ចីឲ្យបន្ដវិញ ។

ក្រុមឆបោកដោយមានអង្គការចាត់តាំងត្រឹមត្រូវនេះ ដើរស៊ើបរកអ្នកមានប្រាក់ហើយទៅទាក់ទងរបៀបខ្ចីប្រាក់រយៈពេលខ្លីរួចសងវិញដោយផ្ដល់ការប្រាក់ខ្ពស់រួចចាប់ផ្ដើមបញ្ជូនមនុស្សទៅខ្ចីបន្ដបន្ទាប់ធ្វើឲ្យម្ចាស់លុយមានការជឿទុកចិត្ដឈាន ដល់ការឆបោករួចឆ្លើយរកលេសនេះលេសនោះថាធនាគារកំពុងជាប់បិទបញ្ជីជាដើម។

មេខ្លោងឈ្មោះ ភឿង សុភ័ន ត្រូវបាន តុលាការឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះ អាសន្ន ប៉ុន្តែបានអ្នកមានឥទ្ធិពលដែលស្និទ្ធ ស្នាលនឹងមន្ត្រីតុលាការរត់ការធានាចេញពីពន្ធនាគារខេត្ដកំពង់ស្ពឺដើម្បីដាក់ឲ្យស្ថិតនៅ ក្រៅឃុំបណ្ដោះអាសន្នក្នុងសំណុំរឿង ឆបោកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជាង ១.០០០.០០០ (មួយលានដុល្លាអាមេរិក) ពេលកំពុងរងបណ្ដឹងជាច្រើនទៀតនៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញផងនោះ។

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨កន្លងមកនេះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺបានចេញសេចក្តីថ្លែងការណ៍ថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកនេះ អយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺបានទទួលសំណុំរឿងព្រហ្មទណ្ឌពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្នុងករណីឆបោកជាក្រុមមានការចាត់តាំងត្រឹមត្រូវនិងបញ្ជូនជន សង្ស័យ៧នាក់ ។

ក្រោយពីទទួលបានសំណុំរឿងតំណាងអយ្យការបានពិនិត្យសំណុំរឿងរួចបើកការស៊ើបសួរលើជនសង្ស័យ៨នាក់ (៦នាក់ ក្នុងចំណោម៧នាក់ដែលនគរបាលឃាត់ ខ្លួន និង០២នាក់ទៀតកំពុងរត់គេចខ្លួន ដែលតាំងខ្លួនជាបុគ្គលិកធនាគារ ABA ) ត្រូវបានដាក់ក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុង ច្បារមន ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមមាត្រា៣៧៧ និងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ឈ្មោះ ផូ ថេង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិរកា ជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នក រត់ម៉ូតូកង់បីក្រោយពីសាកសួរពុំមានពាក់ព័ន្ធក្នុងករណីនេះឡើយ ។

ចំពោះស្ត្រីឈ្មោះ ភឿង សុភ័ន អាយុ ២៥ឆ្នាំ ទីលំនៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំហាងខារ៉ាអូខេរស្មីអង្គរ អ្នកនាំពាក្យ សាលាដំបូងខេត្តកំពង់ស្ពឺបានបញ្ជាក់បន្ថែមថាមានសំណុំរឿងព្រហ្មទណ្ឌជាច្រើនទៀត ដែលតុលាការកំពុងចាត់ការក្នុង ករណីឆបោក ហើយជននេះធ្លាប់បាន តុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នក្រោមហេតុផលមានផ្ទៃពោះជិត គ្រប់ខែ ។

ពាក់ព័ន្ធសំណុំរឿងឆបោកទ្រង់ទ្រាយធំ ដែលមានអង្គការចាត់តាំងត្រឹមត្រូវហើយកំពុងតែមានរឿងចម្រូងចម្រាសបង្កើតរឿងរ៉ាវដើម្បីចោទប្រកាន់គ្នាទៅវិញទៅ មករវាងម្ចាស់ករណីនឹងអ្នករត់ការកាង ក្រុមជនសង្ស័យ រហូតធ្វើឲ្យស្ថាប័នតុលាការរំជើបរំជួលឈានដល់ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈបែបនេះ ។

មហាជនរង់ចាំមើលថា តើតុលាការ អាចឃុំមនុស្សមួយក្រុមនេះ ដែលរៀបចំផែនការយ៉ាងល្អិតល្អន់ដើរបោកប្រាស់ យកប្រាក់អ្នកដទៃបានរហូតជាង១លាន ដុល្លារ បានរយៈពេលប៉ុន្មានខែដែរ?៕ ហេង សូរិយា


ចែករំលែក៖