ព័ត៌មានទាន់ហេតុការណ៍៖

ស៊យយ៉ាងនេះ ជិះគេចពីសត្វមាន់រេចង្កូតធ្លាក់ពីលើម៉ូតូស្លាប់ម្នាក់ រងរបួសម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បងប្អូនបង្កើត បានស្លាប់ និងរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូគេចពីសត្វមាន់រត់ឆ្លងផ្លូវបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាល និងថ្នល់បង្កការភ្ញាក់ផ្អើលដល់ក្មេងៗសិស្សសាលា និងអ្នកភូមិនាំគ្នាជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិសាលារៀន ឃំុបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ក្មេងស្រីដែលស្លាប់មានឈ្មោះ ថេង ស្រីហន់ អាយុ14ឆ្នាំ មុខរបរសិស្ស និងបងប្រុស រងរបួសមានឈ្មោះ ថេង លីហ៊ួ អាយុ16ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញបងប្អូនប្រុសស្រី២នាក់ បានជិះម៉ូតូមួយគ្រឿង ដោយចេញពីសាលារៀន៧មករា បាសាក់ត្រឡប់មកផ្ទះ ខណៈជិះមកដល់លើផ្លូវក្រាលកៅស៊ូ ពីត្បូងមកជើង ស្រាប់តែមានសត្វមាន់រត់ឆ្លងផ្លូវធ្វើឲ្យអ្នកបើកបរគេចចេញបណ្ដាលឲ្យរេចង្កូតធ្លាក់ប្អូនស្រី បោកក្បាល នឹងថ្នល់បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅរាជធានីភ្នំពេញ ប៉ុន្តែអកុសលដោយមុខរបួសធ្ងន់ ក៏ដាច់ខ្យល់ស្លាប់គួរឲ្សង្វេគបំផុត ។

សពត្រូវបានក្រុមគ្រួសារបញ្ជូនមកស្រុកកំណើតវិញ ធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល៕ យឹមសុថាន


ចែករំលែក៖