ព័ត៌មានទាន់ហេតុការណ៍៖

ស៊យអីស៊យយ៉ាងនេះ ជិះម៉ូតូបុកសត្វឆ្កែ ហើយត្រូវម៉ូតូមកពីក្រោយ កិនបន្ថែមដួលបាក់ធ្មេញ របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួស ធ្ងន់ បែកក្បាល បាក់ធ្មេញ ហូរឈាមសន្លប់ស្ដូកស្ដឹង ខណៈជួបករណីគ្រោះថ្នាក់ ចរាចរណ៍ដោយជិះម៉ូតូ ល្បឿនលឿនខ្វះប្រុងប្រយត្ន័បុកសត្វឆ្កែឆ្លងផ្លូវ ហើយក៏ត្រូវម៉ូតូមួយគ្រឿងទៀតមកពីក្រោយបុកបន្ថែមពីលើបង្កការភ្ញាក់ផ្អើលតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី២៩ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង៥:២០នាទីល្ងាច នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ ១៤៤ និង១៤៥ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលបង្កហេតុមានឈ្មោះ ឈឹម គង់ដារា អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G- 3519 ខូចខាតយ៉ាងដំណំ ។

ចំណែកភាគី រងគ្រោះ ដែលដួលបាក់ធ្មេញ មានឈ្មោះ ធួក ចំរ៉ុង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខ របរនិស្សិត មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G- 3519 ដោយធ្វើដំណើរ លើកំណាត់ផ្លូវជាតិ លេខ១ ក្នុងទិសដៅពីលិច មកកើតល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ស្រាប់តែបុកសត្វឆ្កែឆ្លងផ្លូវយ៉ាងពេញ ទំហឹងបណ្ដាលឲ្យដួល ច្រង៉ាប់ច្រងឹល ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 1J-4201 មកពីក្រោយស្រប ទិសគ្នាចាប់ហ្វ្រាំង មិនទាន់ ក៏កិនបន្ថែមពីលើទៀតបណ្ដាលឲ្យរងរបួស ធ្ងន់ទាំង២តែម្ដង ។

បច្ចុប្បន្នអ្នកបង្កហេតុ រងរបួសធ្ងន់ត្រូវ បានបញ្ជូនទៅមន្ទីរ ពេទ្យប្រទេសវៀតណាមរីឯអ្នករបួសបាក់ធ្មេញ សម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត ។

រីឯវត្ថុតាងទាំង២ គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលវាស់វែង និងអូសយកមករក្សា ទុកនៅប៉ុស្តិ៍រដ្ឋបាលព្រៃអង្គុញដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖