ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់ខ្យល់គរស្លាប់ក្នុងផ្ទះ តែត្រូវគេចោទកូនបង្កើតជាអ្នកសម្លាប់ និងចាប់វ៉ៃខ្នោះរួចបញ្ជូនមកប៉ុស្ដិ៍ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ អ្នកភូមិជាច្រើននាក់ មានការភ្ញាក់ផ្អើលជាខ្លាំង ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លួនបុរសម្នាក់យកទៅប៉ុស្ដិ៍ ដែលមានគេសង្ស័យថា បានសម្លាប់ម្ដាយបង្កើតរបស់ខ្លួន កាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ម៉ៃ នួន ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯបុរសម្នាក់ជាកូនត្រូវគេសង្ស័យសម្លាប់ម្ដាយខ្លួន មានឈ្មោះ ពិន ខន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

យោងតាមការឲ្យដឹងពីកូនស្រីរបស់ជនរងគ្រោះឈ្មោះ ឡុង សុខមាន អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១៨និង៣០នាទី ពេលនាងមកពីធ្វើការវិញ ពេលដល់ឃើញផ្ទះ ឃើញបិទភ្លើងងងឹតឈឹង ចំណែកទ្វារបើកចំហរ ឃើញដូច្នោះ នាងក៏ដើរទៅបើកភ្លើងនៅមុខផ្ទះ និង ខាងក្នុងផ្ទះ រួចនាងក៏ហៅម្តាយ តែម្តាយមិនឆ្លើយតប រួចនាង ក៏យកដៃទាញម្តាយ ស្រាប់តែឃើញម្តាយនាងស្លាប់រឹងខ្លួនបាត់ទៅហើយ ដោយមានឈាមនៅតាមភ្នែក ត្រចៀក និង ក ដោយមានស្រមោចរោមខាំត្រង់របួស ចំណែកបងប្រុសរបស់នាង (ដែលជាជនសង្ស័យ ) បានដេកលក់នៅលើគ្រែក្នុងផ្ទះជាប់ទ្វារ រួចនងបានរត់ចេញក្រៅ ហៅអ្នកជិតខាងឲ្យមកជួយ និង រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។

បច្ចុប្បន្ន ក្រោយការធ្វើកោសល្យវិច័យរបស់លោកឧកញ៉ាវិជ្ជៈបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ បានសន្និដ្ឋាន និងពិនិត្យបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារគាំងបេះដូង ( អាចបណ្តាលមកពីជំងឺលើសឈាម និងជំងឺថ្លើម) មិនមែនជាករណីឃាតកម្ម ដែលកូនសម្លាប់ម្ដាយនោះទេ ។ ចំណែកស្លាកស្នាមនៅលើដងខ្លួន គឺត្រូវស្រមោចខាំពេលដែលគាត់ដេកស្លាប់ និងដោយយោងតាមការបំភ្លឺរបស់កូនស្រីឈ្មោះ ឡុង សុខមាន ថា កន្លងមកម្តាយរបស់គាត់មានជំងឺលើសឈាម និង ជំងឺថ្លើម រយៈពេល៤ឆ្នាំហើយ រួចសមត្ថកិច្ចធ្វើឯកសារប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖