ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់ទំនងរអិលជើងធ្លាក់ពីលើជណ្ដើរបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ទាំងព្រឹក ដល់ក្រុមគ្រួសារ ស្រែកហៅអ្នកភូមិ និងក្រុមភ្លេងជួយសង្គ្រោះ ប៉ុន្តែអកុសល ហួសពេលទៅហើយ ខណៈស្ត្រីចំណាស់ម្នាក់ទំនងរអិលជើងធ្លាក់ ពីលើជណ្ដើរបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីមានក្រុមភ្លេងសុំសម្រាកនៅលើផ្ទះ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៥ និង១៥ នាទីព្រឹក ស្ថិតនៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ស្ត្រីចំណាស់ ដែលស្លាប់មានឈ្មោះឥន សឿន អាយុ៧២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

បើតាមអ្នកភូមិ បានឲ្យដឹងថា មុនកើតហេតុ គឺមានក្រុមភ្លេងជាច្រើននាក់ បានសុំផ្ទះស្ត្រីខាងលើដើម្បីសម្រាកជាច្រើនម៉ោង ព្រោះដើម្បីលេងកម្មពិធីក្បែរផ្ទះ ។

ប្រភពបន្តថា បន្ទាប់ស្ត្រីចំណាស់ ត្រូវជាម្ចាស់ផ្ទះ ក៏បានយកភួយខ្នើយ ជាច្រើនឡើងទៅលើផ្ទះ ខណៈជាន់បាន៣កាំជណ្ដើរមិនដឹងយ៉ាងម៉េច ទំនងរអិលជើង ស្រាប់តែធ្លាក់បោកក្បាល នឹងសាបមុខផ្ទះក្រោមកាំជណ្ដើរ បណ្ដាលឲ្យបែកក្បាលហូរឈាមមាត់ច្រមុះស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយពីសមត្ថកិច្ចនគរបាលជំនាញ និងអាជ្ញាធរមូលដ្ឋាន បានពិនិត្យទៅលើសាកសព ជាច្រើនម៉ោង និងសន្និដ្ឋានថា ពិតជារអិលជើងធ្លាក់ពីលើកាំជណ្តើរបោកក្បាលស្លាប់ពិតប្រាកដមែន មិនមានជារឿងឃាតកម្មអ្វីនោះទេ ។

សពត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖