ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមានផ្ទៃពោះម្នាក់ រួមនឹងប្ដីបានរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្ដមិនស្គាល់ម៉ាក បើកកៀរចូលក្រោមរថយន្ដកុងតឺន័រ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះម្នាក់ រួមជាមួយប្ដីបានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពីជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដមិនស្គាល់ម៉ាក បើកកៀរឲ្យដួល អូសចូលក្រោមរថយន្ដកុងតឺន័រ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ពេលកើតហេតុ គេឃើញប្រុស ស្រី២នាក់ បានជិះម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FP-8279 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម ខណៈពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដមួយគ្រឿង មិនស្គាល់ម៉ាកបើកកៀរពីក្រោយបណ្ដាលឲ្យម៉ូតូដួលអូសចូលពីក្រោមរថយន្ដកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2370 ដែលធ្វើដំណើរស្របគ្នា ហើយកិនម៉ូតូអូសប្រហែល៥ម៉ត្រ និងបណ្ដាលឲ្យរងការខូចខាត និងធ្វើឲ្យប្ដីប្រពន្ធទាំង២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖