ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដើរហាត់ប្រាណ ត្រូវ PassApp បើកបុកស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ ខណៈកំពុងដើរហាត់ប្រាណតាមផ្លូវត្រូវ PaSsApp បើកមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោលក្បាលស្លាប់ភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងភូមិចំកាឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សពស្ត្រីខាងលើមានឈ្មោះ យ៉ែម សាលី អាយុ៦០ឆ្នាំ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះបានដើរហាត់ប្រាណ លុះដល់ចំណុចកើតហេតុ ក៏មានកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពុំចាំស្លាកលេខ បើកបរពីទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតទៅបុកស្ត្រីខាងលើចំពីក្រោយយ៉ាងពេញទំហឹងខ្ទាតប្រហែល១០ម៉ែត្រ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកកង់បីបានបើករត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះមកធ្វើការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុហើយ ក៏បានប្រគល់សពស្ត្រីរងគ្រោះឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖