ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់​គ្មានចិត្តលោភលន់ចំពោះទ្រព្យ​ ដែលមិនទាន់ដឹងសវតាច្បាស់ យកប្រគល់ឲ្យសមត្ថកិច្ចរក្សាទុក

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ស្រ្តីជាប្រពន្ធម្នាក់ មិនទុកចិត្តប្តី ពេលចេញទៅធ្វើការខេត្តឆ្ងាយហើយត្រឡប់ចូលផ្ទះមានម៉ូតូថ្មីជិះ ស្រាប់តែពេលប្តីវិលទៅវិញ ក៏យកម៉ូតូមកប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ស្រ្តីរូបនេះឈ្មោះរ៉ត ម៉ាច អាយុ២៤ឆ្នាំ រស់នៅភូមិតាឡុក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ចំណែកបុរសជាប្តីឈ្មោះឡុង ដែន អាយុ២៧ឆ្នាំ សព្វថ្ងៃចេញទៅធ្វើការជាសន្តិសុខឯកជន នៅខេត្តព្រះសីហនុ។ រីឯម៉ូតូម៉ាក zomer x លេខតួ1F5107903 ពណ៌ត្រួយចេក លាយខ្មៅ គ្មានស្លាកលេខ។

សមត្ថកិច្ចស្រុកឧដុង្គ ថា នៅថ្ងៃកើតហេតុ នារីនេះ បានយកម៉ូតូ១គ្រឿងមកឲ្យសមត្ថកិច្ច ដោយនិយាយថា ប្តីនាង បានទៅធ្វើជាសន្តិសុខនៅខេត្តព្រះសីហនុយូរខែហើយ ស្រាប់តែត្រឡប់មកលេងផ្ទះ បានម៉ូតូ១គ្រឿងនេះចូលផ្ទះ។ នាងថា ប្តីនាងប្រាប់ថាម៉ូតូមិត្តភក្តិ ។ នាងថា សង្ស័យម៉ូតូមានពាក់ព័ន្ធបទល្មើស ទើបមិនហ៊ានទុកនៅផ្ទះ សុខចិត្តប្រគល់ឲ្យសមត្ថកិច្ច ដឹងឮ និងថែរក្សាបណ្តាអាសន្នសិន ។

សូមកោតសរសើរស្រ្តីរូបនេះដែលគ្មានចិត្តលោភលន់ ចំពោះទ្រព្យដែលមិនទាន់ដឹងសវតាច្បាស់លាស់ មិនយកខ្លួនបៀត ៕ សេនាស័ក្តិ


ចែករំលែក៖