ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ កំពុងអោនរើសកំប៉ុងប៊ីយែរហ្គែនស្បើដស ត្រូវរថយន្តបុកស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាអ្នករើសអេតចាយតែងតែដើររើសសម្បកកំប៉ុងជារៀងរាល់ថ្ងៃនៅកន្លែងកើតហេតុ ស្រាប់តែត្រូវបុរសម្នាក់បើករថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ជ្រុលទៅបុកនិងកិនបណ្ដាលឲ្យស្លាប់មួយរំពេច ខណៈដែលកំពុងអោនរើសកំប៉ុងប៊ីយែរហ្គែនស្បើដ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយឃាត់ខ្លួននិងអ្នកបើកបរបានភ្លាមៗ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ ១៣៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះឈ្មោះ ទូច រ័ត្ន អាយុ៥២ឆ្នាំ មុខរបររើសអេតចាយ និងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកអ្នកបើករថយន្តបង្ក ឈ្មោះ ឌឿន ថាឌិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅម្ដុំឪរ៉ាល ខេត្តកំពង់ស្ពឺ បើកបររថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 2B- 4474 ។

មន្ត្រីនគរបាលចរាចរណ៍ខណ្ឌ៧មករា បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ បានដើរនៅតាមចិញ្ចើមផ្លូវលេខ ១៣៤ លុះដើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 2B- 4474 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣៤ ក្នុងទិសដៅស្របគ្នាគោលបំណងទៅមើលបងប្អូនមកសម្រាកនៅមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ខណៈនោះ គឺស្ត្រីរងគ្រោះបានអោនរើសកំប៉ុងប៊ីយែរហ្គែនស្បើដស ១កំប៉ុង ពេលនោះបុរសម្នាក់ ដែលជាអ្នកបើកបររថយន្តសាំយ៉ុងមិនបានប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកនិងកិនស្លាប់មួយរំពេចតែម្តង ។

ក្រោយកើតហេតុអ្នកបើករថយន្តបង្ក ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសពស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា៕ ស រស្មី


ចែករំលែក៖