ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយអវកាសចិនបានធ្លាក់ចុះមកផែនដីវិញហើយ

ចែករំលែក៖

អង្គការគ្រប់គ្រងអវកាសរបស់ចិន បានប្រកាសថា ស្ថានីយអវកាសចិន Tia ngong1 បានធ្លាក់ចុះមកផែនដីវិញ នៅ វេលាម៉ោង ៨និង ១៥នាទី ព្រឹកថ្ងៃទី២ ខែមេសា ដោយធ្លាក់ចូល តំបន់សមុទ្រ ប៉ាស៊ីហ្វិកភាគខាងត្បូង ។

ស្ថានីយអវកាស Tiangong1 មាន ប្រវែង ១០,៤ម៉ែត្រ ដែលជាគម្រោងស្រាវ ជ្រាវដែនអាកាស ដ៏ធំបំផុតរបស់ចិន គ្មាន មនុស្សបញ្ជានៅខាងក្នុង ហើយបានដាក់ ឲ្យដំណើរការស្រាវជ្រាវតាំងពីខែ កញ្ញា ឆ្នាំ២០១១ ដែលជាគោលដៅចុងក្រោយ របស់ចិនមុនពេលបង្កើតស្ថានីយអវកាសពេញលេញនៅឆ្នាំ២០២២ ដូចនឹងស្ថានីយ អវកាសអន្តរជាតិISS ។

ស្ថានីយអវកាសចិន Tiangong1 ប្រែថា វិមានសួគ៌ា ត្រូវបានបង្ហោះទៅ តារាវីថី តាំងតែពីខែកញ្ញាឆ្នាំ២០១១។ Tiangong1មានទម្ងន់៨តោន ប្រើសម្រាប់បទពិសោធន៍ផ្នែកវេជ្ជសាស្ត្រ។ យោងតាម ក្រុមជំនាញអវកាសចិន ការបង្កគ្រោះថ្នាក់ដោយស្ថានីយអវកាស Tiangong1 មាន តិចតួចស្ទើរកម្រិតសូន្យ ដោយសារតែស្ថានីយនេះធ្លាក់ក្នុងល្បឿនលឿនលើសលប់ ដូច្នេះវាបង្កជាកម្ដៅធ្វើឲ្យឆេះស្ថានីយស្ទើរទាំងស្រុង។ បើតាមខាងជំនាញអវកាស បានបញ្ជាក់ថា ការឆេះធ្លាក់មកនេះ ដូចជា ទស្សនីយភាពភ្លៀងអាចម៍ផ្កាយ ធ្លាក់មក ផែនដីដូច្នោះដែរ។

Tiangong1 ធ្លាប់ទទួលក្រុមអវកាស ចិន២លើកហើយ។ តាមធម្មតា ការត្រលប់ នៃស្ថានីយអវកាស Tiangong1 ចូលផែន ដីវិញ ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់ចិន។ ប៉ុន្តែ បើយោងតាមខាងអវកាសអឺរ៉ុបចិនបានបាត់ទំនាក់ទំនងជាមួយ Tiangong1 តាំងពីដើមឆ្នាំ២០១៦មក។ ដូច្នេះ ចិនមិន អាចត្រួតបញ្ជាដំណើររបស់ Tiangong1 បានទេ។ ក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់របស់អឺរ៉ុប។ បើតាមព័ត៌មាន ដែលទីភ្នាក់ងារAFP ចុះផ្សាយវិញ Tiangong1 ឈប់ដំណើរការតាំងពីខែមីនា ឆ្នាំ ២០១៦ ទើបបានជាធ្វើឲ្យគេបារម្ភពីដំណើរធ្លាក់ចុះរបស់វា មកផែនដីវិញដូច្នេះ។

យោងតាមក្រុមជំនាញបានឲ្យដឹងថា Tiangong1 ជាយានធំបំផុតមួយ ដែល ត្រលប់មកបរិយាកាសផែនដីវិញដោយ គ្មានការត្រួតពិនិត្យ។ គេចាត់ទុកថា បទ ពិសោធន៍ចិនជាមួយស្ថានីយមួយនេះ ថាជា ដំណាក់កាលដំបូង ដើម្បីឈានទៅដល់ការសាងសង់ស្ថានីយអវកាសអន្តរជាតិ។ ចិនមានមហិច្ឆតា បញ្ជូនយានអវកាសទៅ ភពព្រះអង្គារ នៅឆ្នាំ២០២០។ ចិនក៏ចង់ បញ្ជូនមនុស្សទៅឋានព្រះចន្ទដែរ។

ដោយឡែក ៦០ឆ្នាំមកនេះ ក្នុងបទ ពិសោធន៍អវកាសរបស់មនុស្ស មានយាន អវកាសប្រហែល៦០០០គ្រឿង បាន ត្រលប់មកបរិយាកាសផែនដីវិញ ដោយ គ្មានការត្រួតពិនិត្យ។ ៦០ឆ្នាំមកនេះ មាន មនុស្សម្នាក់ បានរងការប៉ះនៃបំណែកយានដែលធ្លាក់ចុះមកនោះ ប៉ុន្តែគាត់នោះមិន បានរងរបួសទេ៕ ម៉ែវ សាធី


ចែករំលែក៖