ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងកុំបើកបរ បើបើកបរហើយ ដឹងថាបុក និងក្រឡាប់គ្រោះថ្នាក់ខ្លួនឯងផង និងអ្នកដទៃដែរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្ដបុកផ្ទះរបស់ប្រជាពលរដ្ឋបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតទាំងរថយន្ត និងផ្ទះប្រជាពលរដ្ឋយ៉ាងដំណំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ២៣០ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមសម្ដីប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តបង្កម៉ាក NIASSAN អត់ស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៣០ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានរេង្កូតទៅបុកផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ ឯកៃកុងរថយន្ដវិញ របួសធ្ងន់ ដោយបានបាក់ដៃម្ខាង និងបណ្ដាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានជំនាញបានចុះដល់កន្លែងកើតហេតុ ហើយវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅផ្លូវច្បាប់នៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖