ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាក្លាហាន បើកឡានយ៉ាងលឿនដូចហោះ ធ្លាក់ចេញពីថ្នល់ក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តបាឡែនមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់មានសភាពស្រវឹងស្រា បានធ្វើដំណើរក្នុងលឿនដូនហោះ បណ្ដាលរេចង្កូតធ្លាក់ចេញពីថ្នល់ ក្រឡាប់ផ្ងារជើងច្រងាង តែមិនមានអ្នករបួស ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅ​តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្បែរវត្តឫស្សីសាញ់ ស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ម្នាក់ ទំនងជាស្រវឹងស្រា បាន​បើករថយន្តកាមរីបាឡែន មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-5818 ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវងងឹងផងនោះ បានហោះធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើច្រងាង តែតៃកុងរថយន្តមិនមានរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដោយមិនប៉ះ​ពាល់ដល់សម្បត្តិរដ្ឋ ទើបសមត្ថកិច្ច​បានឲ្យម្ចាស់រថយន្តស្ទូចទៅជួសជុលដោយខ្លួនឯង៕ ភារ៉ា ដង្កោ


ចែករំលែក៖